សេដ្ឋកិច្ចចិនបន្តងើបឡើងរឹងមាំ ដោយសារកម្លាំងរុញច្រានពីបច្ចេកវិទ្យាទំនើប និងឧស្សាហកម្មថ្មី
ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែរក្សាបាននូវសន្ទុះយ៉ាងរឹងមាំ និងមានស្ថិរភាពនៅក្នុងខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការជំរុញយ៉ាងខ្លាំងពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបង្កើតនវានុវត្តន៍ (Innovation-led) បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Xinhua ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមទិន្នន័យថ្មីៗដែលត្រូវបានចេញផ្សាយ បានបង្ហាញពីការងើបឡើងយ៉ាងច្បាស់នៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងថាមពលថ្មី ដែលកំពុងដើរតួនាទីជាចលករកំណើន (Growth Drivers) ដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចចិន។
កំណើនផលិតកម្មថ្មថាមពល ទិន្នន័យបានបង្ហាញថា នៅក្នុងខែសីហា ការផលិតថ្មលីចូម-អ៊ីយ៉ុង (Lithium-ion battery) បានកើនឡើងយ៉ាងគំហុករហូតដល់ ៥៧,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងពីតម្រូវការដ៏ខ្ពស់នៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) និងថាមពលកកើតឡើងវិញ។
មនុស្សយន្តឧស្សាហកម្ម ស្របពេលជាមួយគ្នានេះ ការផលិតមនុស្សយន្តឧស្សាហកម្ម (Industrial robot) ក៏មានការកើនឡើងក្នុងអត្រា ៣៤,៦ ភាគរយ ផងដែរ ដែលសបញ្ជាក់ពីការបោះជំហានកាន់តែលឿនរបស់ប្រទេសចិន ឆ្ពោះទៅរកស្វ័យប្រវត្តិកម្ម និងការធ្វើទំនើបកម្មរោងចក្រឆ្លាតវៃ។
បច្ចេកវិទ្យា 3D ក្រៅពីនេះ ផលិតផលបច្ចេកវិទ្យាជំនាន់ថ្មីៗ ដូចជាឧបករណ៍បោះពុម្ពទម្រង់ 3D (3D Printing Equipment) ក៏ទទួលបានកំណើនទិន្នផលយ៉ាងគួរឱ្យកត់សម្គាល់ ដែលកំពុងជួយពង្រឹងខ្សែច្រវាក់ផលិតកម្ម និងការច្នៃប្រឌិត។
សរុបមក ស្ថិតិទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនកំពុងទទួលបានផ្លែផ្កាពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ដោយងាកចេញពីការពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទៅរកការពង្រឹងវិស័យបច្ចេកវិទ្យាជឿនលឿន និងសេដ្ឋកិច្ចបៃតង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអានាគត។
ប្រែសម្រួល៖ គីរី
