វិមានក្រឹមឡាំង ស្វាគមន៍ការអំពាវនាវរបស់លោក ត្រាំ ឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង
មូស្គូ៖ វិមានក្រឹមឡាំងបានស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើកន្លែងផលិតប្រេងឥន្ធនៈរបស់រុស្ស៊ី។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឧ្យដឹងថា «រាល់ការអំពាវនាវដល់ទីក្រុងគៀវ ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចស៊ីវិល គឺជារឿងដែលគួរតែស្វាគមន៍»។
លោក Peskov បានបន្ថែមថា «ប្រទេសនានាអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងគៀវ ដើម្បីជំរុញឱ្យមានភាពបត់បែនកាន់តែខ្លាំង ដែលនេះនឹងក្លាយជាការរួមចំណែកដ៏សំខាន់ដល់ដំណើរការដោះស្រាយបញ្ហា»។
កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា អ៊ុយក្រែន បានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់រុស្ស៊ី ហើយ «រុស្ស៊ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ!»។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយលើកឡើងថាការវាយប្រហារទាំងនោះកំពុងបង្កឱ្យមានការខ្វះខាតប្រេងម៉ាស៊ូត។
មុននេះ រដ្ឋាភិបាលរុស្ស៊ី បានដាក់ចេញនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈសម្រាប់នាវា និងឧស្ម័ន ដើម្បីរក្សាលំនឹងទីផ្សារប្រេងឥន្ធនៈក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា
