តៃវ៉ាន់ ធ្វើតេស្តយន្តហោះដ្រូន MQ-9B ផលិតដោយអាមេរិក ដើម្បីទប់ទល់នឹងប្រតិបត្តិការ «តំបន់ប្រផេះ» របស់ចិន
តៃប៉ិ៖ កងទ័ពតៃវ៉ាន់ បានចាប់ផ្តើមធ្វើការហោះហើរសាកល្បងនូវយន្តហោះគ្មានមនុស្សបើក (Drone) ប្រភេទ MQ-9B ដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិកជាលើកដំបូង នៅឯមូលដ្ឋានទ័ពអាកាស Hualien។ ការធ្វើតេស្តនេះមានគោលបំណងពង្រីកសមត្ថភាពឃ្លាំមើល និងស៊ើបការណ៍ជាប្រចាំ ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រប្រតិបត្តិការ «តំបន់ប្រផេះ» (Grey-zone operations) របស់កងទ័ពរំដោះប្រជាជនចិន (PLA) ជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ការហោះហើរសាកល្បង ដ្រូនចំនួនពីរគ្រឿងដំបូង ដែលបានប្រគល់ជូនកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមហោះហើរសាកល្បងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីការដំឡើង និងធ្វើតេស្តរួមគ្នារវាងយោធាតៃវ៉ាន់ និងក្រុមហ៊ុនផលិត។
គោលបំណងចម្បង តួនាទីចម្បងរបស់ដ្រូន MQ-9B នៅក្នុងយោធាតៃវ៉ាន់ គឺផ្តោតលើការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការស្រាវជ្រាវ (ISR) នៅតាមតំបន់សមុទ្រជុំវិញកោះ ជាជាងការប្រើប្រាស់ជាមូលដ្ឋានសម្រាប់វាយប្រហារ។ វាអាចតាមដានសកម្មភាពរបស់នាវាចម្បាំង និងនាវាល្បាតចិនបានក្នុងរយៈពេលយូរ ដោយមិនចាំបាច់មានការផ្លាស់ប្តូរវេនយន្តហោះញឹកញាប់ឡើយ។
សមត្ថភាពដ៏លេចធ្លោ ដ្រូនប្រភេទ MQ-9B (SkyGuardian) នេះ មានសមត្ថភាពហោះហើរបានក្នុងរយៈកម្ពស់ខ្ពស់លើសពី ៤០ ០០០ ហ្វីត និងអាចស្ថិតនៅលើអាកាសបានយូរម៉ោងចន្លោះពី ៣៦ ទៅ ៤០ ម៉ោង។
ទំហំនៃកិច្ចព្រមព្រៀង ដ្រូនទាំងពីរគ្រឿងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញដ្រូនសរុបចំនួន ៤ គ្រឿង ក្នុងទំហំទឹកប្រាក់ប្រមាណ ២១,៧ ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ៦៨៤ លានដុល្លារអាមេរិក) ដែល ២ គ្រឿងទៀតគ្រោងនឹងប្រគល់ជូននៅឆ្នាំ២០២៧។
តាមរយៈការបំពាក់នូវប្រព័ន្ធរ៉ាដា និងសេនស័រទំនើបៗ ការដាក់ពង្រាយដ្រូននេះនឹងជួយឱ្យតៃវ៉ាន់អាចបង្កើនសមត្ថភាពតាមដានរាល់សកម្មភាពយោធារបស់ចិន ទាំងនៅលើសមុទ្រ និងអាកាស ក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើង។
ប្រែសម្រួល៖ គីរី
