Feature

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានបំណងចង់ឱ្យកាណាដាក្លាយជាសមាជិកសហការដំបូងគេរបស់សហភាពអឺរ៉ុប

​ស្ត្រាសបួ ប្រទេសបារាំង (AP) ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃពុធ ទី១៦ ឆ្នាំ២០២៦នេះ បានស្នើឱ្យកាណាដាក្លាយជាសមាជិកសហការ (Associate Member) ដំបូងគេបង្អស់របស់សហភាពអឺរ៉ុប។ នេះគឺជាការបើកផ្លូវដ៏គួរឱ្យកត់សម្គាល់មួយ ស្របពេលដែលការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងតែជំរុញឱ្យរដ្ឋាភិបាលទីក្រុងអូតាវ៉ា (Ottawa) ងាកទៅរកភាពជិតស្និទ្ធជាមួយអឺរ៉ុបកាន់តែខ្លាំង។

​ការដំឡើងពន្ធរបស់លោក Trump និងការលើកឡើងដដែលៗអំពីការចង់ប្រែក្លាយកាណាដាឱ្យទៅជារដ្ឋទី៥១ របស់អាមេរិក បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងនៅទ្វីបអាមេរិកខាងជើងទាំងពីរនេះប្រែជាល្អក់កករ។ កាណាដាកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើសហរដ្ឋអាមេរិក ដែលជាគោលដៅនៃការនាំចេញទំនិញប្រមាណ ៧០% របស់ខ្លួន ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអំពាវនាវឱ្យមាន “សម្ព័ន្ធភាពពិសេស” ជាមួយនឹងសហភាពអឺរ៉ុប។

​នៅក្នុងសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពសហភាពអឺរ៉ុប លោកស្រី von der Leyen បានមានប្រសាសន៍ថា កាណាដា និងសហភាពអឺរ៉ុបនឹងបន្តពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់របស់ខ្លួន (ស្គាល់ថាជាកិច្ចព្រមព្រៀង CETA) ដោយពង្រីកទំហំទៅជា “សម្ព័ន្ធភាពសម្រាប់អនាគត” ក្នុងគោលបំណងបង្កើត “វិបុលភាពរួម និងលំហសន្តិសុខសេដ្ឋកិច្ច”។

​លោកស្រីបានបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធនេះថា មិនត្រឹមតែផ្តោតសំខាន់ទៅលើតែវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាក់ឫសយ៉ាងជ្រៅទៅលើគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យដែលមានរួមគ្នាផងដែរ។

​លោកស្រី von der Leyen បានមានប្រសាសន៍ទៅកាន់លោក Carney ដោយទទួលបានការក្រោកឈរទះដៃអបអរសាទរយ៉ាងកងរំពងនៅឯសភាអឺរ៉ុប ក្នុងទីក្រុងស្ត្រាសបួ ថា៖ “សំខាន់ជាងនេះទៅទៀត លោក Mark ជាទីរាប់អាន អឺរ៉ុប និងកាណាដា គឺជឿជាក់លើលទ្ធិប្រជាធិបតេយ្យដូចគ្នា”។ លោក Carney គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុបជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។

ប្រែសម្រួល៖ គីរី

To Top