Feature

គម្រោងថ្មីគាំទ្រការផ្តល់សេវាប្រមូលសំរាមជូនប្រជាពលរដ្ឋ ២៥ ០០០ នាក់នៅតំបន់ជនបទក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់គ្រួសាររាប់ពាន់នៅតំបន់ជនបទក្នុងខេត្ត បាត់ដំបង ការចាត់ចែងទុកដាក់សំរាម សំណល់រឹងគ្មានជម្រើសអ្វីក្រៅពីការដុត កប់ ឬការបោះចោល ទៅក្នុងប្រភពទឹក ដីកសិកម្ម និងតាមដងផ្លូវនៅក្បែរៗផ្ទះខ្លួននោះទេ។ ហេតុដូច្នេះហើយ គម្រោង ថ្មីមួយ ដែលត្រូវបានប្រកាសបើកឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានគោលបំណង ផ្លាស់ប្តូរទម្លាប់ទាំង នេះ ដោយនាំយកសេវាប្រមូលសំរាមដ៏ជឿទុកចិត្តបាន ជូនដល់ប្រជាពលរដ្ឋរស់នៅជនបទចំនួន ២៥ ០០០ នាក់។ សេវាកម្មប្រមូលសំរាមតាមរយៈគម្រោងនេះ គឺជាដំណោះស្រាយចាំបាច់បំផុត ដែលអាចរួមចំណែកកាត់បន្ថយការដុត ឬការបោះចោលសំរាមពាសវាលពាសកាល យ៉ាងហោច ណាស់ ៥០០ តោនក្នុងមួយខែ។

គម្រោងនេះមានឈ្មោះថា «ពង្រីកការទទួលបានសេវា និងសកម្មភាពគ្រប់គ្រងសំរាម សំណល់រឹងប្រកប ដោយចីរភាព ឬហៅកាត់ថា ស្អាត (SAAT)» អនុវត្តផ្ទាល់ដោយ អង្គការអាយឌីអីុកម្ពុជា ក្រោមការគាំទ្រពី ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការ iDE កាណាដា និងម្ចាស់ជំនួយ កាណាដាផ្សេងទៀត រួមទាំងយុទ្ធនាការ Cycle 5 to Survive។ គម្រោងនេះ នឹងធ្វើការជាមួយអាជីវកម្មប្រមូលសំរាមក្នុងតំបន់ គ្រួសារ អ្នកប្រមូលសំរាមក្រៅប្រព័ន្ធ (អេតចាយ) និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសេវាប្រមូលសំរាមនៅក្នុងខេត្តបាត់ដំបង។

ប្រទេសកម្ពុជាបង្កើតសំរាម សំណល់រឹងប្រមាណ ១០ ០០០ តោនជារៀងរាល់ថ្ងៃប៉ុន្តែគ្រួសារ នៅ តំបន់ជនបទ ប្រហែលត្រឹមតែ ១៨% ប៉ុណ្ណោះដែលទទួលបានសេវាប្រមូលសំរាម។ ដោយសារ ប្រជាជនកម្ពុជាប្រមាណ ៧៥% រស់នៅតំបន់ជនបទ សហគមន៍ជាច្រើននៅតែមិនទាន់ទទួលបាន សេវាប្រមូលសំរាមដែលជឿទុកចិត្តបាន ធ្វើឱ្យសំរាមត្រូវបានបន្សល់នៅតាមប្រភពទឹក ដីកសិកម្ម និងតាមដងផ្លូវ ព្រមទាំងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់សហគមន៍ ជនបទដែលត្រូវអាស្រ័យផលលើប្រព័ន្ធអេកូឡូសុីនេះដោយផ្ទាល់។

គម្រោង ស្អាត រៀបចំឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់ អង្គការអាយឌីអុីកម្ពុជា ដែល បានអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ឆ្នាំងកន្លងមកហៅថា៖ គម្រោងជម្រុញទីផ្សារគ្រប់គ្រងកាកសំណល់រឹង (WaMA)។ គម្រោងនេះ បានសបញ្ជាក់ថា គ្រួសារនៅតំបន់ជនបទមានឆន្ទៈ និងមានលទ្ធភាពក្នុងការបង់ថ្លៃសេវាប្រមូលសំរាម ប្រសិនបើមាន សេវានេះទៅដល់ផ្ទះរបស់ពួកគេ និងជាសេវាដែលមានតម្លៃសមរម្យ និងជឿទុកចិត្តបាន។ ចំនួនអតិថិជនដែលបានប្រើប្រាស់សេវា ប្រមូលសំរាមតាមរយៈគម្រោងនៅក្នុងខេត្តកំពង់ឆ្នាំងបានកើនឡើងពី ៣៧៨ ខ្នងផ្ទះ ដល់ទៅជាង ១ ៧០០ ខ្នងផ្ទះ ដែលជាការកើនឡើងប្រមាណ ៣៥០%។

លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការ អាយឌីអុី កម្ពុជា បានមានប្រសាសន៍ថា៖ «ដោយផ្អែកលើ មេរៀនដែលយើងរៀនសូត្របានពីការអនុតវត្តគម្រោង គ្រប់គ្រងសំណល់រឹងដោយ ផ្អែកលើវិធីសាស្រ្តទីផ្សារនៅក្នុងខេត្តកំពង់ឆ្នាំង យើងជឿជាក់ថាសំរាម សំណល់រឹង មិនមែនគ្រាន់តែ ជាបញ្ហាប្រឈមសម្រាប់ប្រជាជនកម្ពុជានៅ តំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសទាំងផ្នែក បរិស្ថាន និងសេដ្ឋកិច្ចផងដែរ»។ «ស្អាត យកគំរូតាមយន្តការ ទីផ្សារដែលបានបង្ហាញលទ្ធផល ជោគជ័យគួរឱ្យកត់សម្គាល់ មកអនុវត្តនៅខេត្តបាត់ដំបង ដោយពង្រឹងអាជីវកម្មប្រមូលសំរាមក្នុង តំបន់ និងអ្នកប្រមូលសំរាមក្រៅប្រព័ន្ធ ដូចជាអេតចាយ ដែលជាតួអង្គសំខាន់ អាចផ្តល់ និងពង្រីក សេវាកម្មនេះក្នុងរយៈពេលវែង»។

គម្រោង ស្អាត ផ្តោតលើវិស័យពាក់ព័ន្ធចំនួនបួន៖ ពង្រឹងអាជីវកម្មខ្នាតតូចនិងមធ្យមដែលផ្តល់សេវា ប្រមូលសំរាមចំនួន៣ ក្នុងស្រុកគោលដៅរបស់គម្រោង ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម និងបង្កើត ការងារថ្មីចំនួន ៣០ កន្លែង; ធ្វើការផ្សព្វផ្សាយទៅកាន់គ្រួសារផ្ទាល់អំពីវត្តមាននៃសេវាប្រមូលសំរាម តាមរយៈការលក់ និងយុទ្ធនាការផ្លាស់ប្តូរឥរិយាបថរបស់គ្រួសារនៅទីជនបទក្នុងការទុកដាក់សំរាម; ធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងអភិបាលកិច្ចគ្រប់គ្រងកាកសំណល់; និងពង្រឹងសមត្ថភាព អ្នកប្រមូលសំរាមក្រៅប្រព័ន្ធដូចជាអេតចាយ ចំនួន ៣០ នាក់ (៧០% ជាស្ត្រី) តាមរយៈការ បណ្ដុះបណ្ដាលអាជីវកម្ម ជំនួយហិរញ្ញវត្ថុ និងការភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែរឹងមាំសម្រាប់ការ ស្តារកាកសំណល់ដែលអាចកៃថ្នៃឡើងវិញបាន។

លោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង សហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «នេះជាគម្រោងដ៏គួរឱ្យរំភើបមួយ។

សេវាប្រមូលសំរាមដែលជឿទុកចិត្តបានពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគមន៍មូលដ្ឋាន ព្រោះសេវាប្រមូលសំរាមគឺជាសកម្មភាពសំខាន់ ដែលអាចធានាបាននូវសុខភាពសាធារណៈ ជីវភាព រស់នៅ និងប្រព័ន្ធអេកូឡូស៊ី ដែលសហគមន៍មូលដ្ឋានអាស្រ័យផល»។ «តាមរយៈការវិនិយោគលើ ប្រព័ន្ធទីផ្សារ ដែលផ្តល់សេវាកម្មទាំងនេះ គម្រោងស្អាត ចូលរួមបំពេញបន្ថែម ដល់សកម្មភាពចម្បង របស់យើងក្នុងការ លើកកម្ពស់សមត្ថភាពអាជ្ញាធរ សម្រាប់ការផ្តល់សេវា និងជួយធានាថាការអភិវឌ្ឍ នេះមានប្រយោជន៍ទៅដល់សហគមន៍ដែលត្រូវការចាំបាច់បំផុត»។

គម្រោង ស្អាត ត្រូវបានរចនាឡើងដើម្បីបំពេញបន្ថែមដល់កម្មវិធីលើកកម្ពស់ការផ្តល់សេវាជូន ប្រជាពលរដ្ឋ (ISD) របស់ SDC ដែលអនុវត្តដោយអង្គការ GIZ។ ខណៈពេលដែល ISD ពង្រឹង សមត្ថភាពអាជ្ញាធរក្នុងការត្រួតពិនិត្យសេវាកម្ម ស្អាត ផ្តោតលើការកសាងប្រព័ន្ធទីផ្សារក្នុងស្រុក និង ចីរភាពអាជីវកម្មដែលចាំបាច់ដើម្បីផ្តល់សេវាប្រមូលសំរាមនៅមូលដ្ឋានផ្ទាល់។

ក្រៅពីការបង្កើតសេវាប្រមូលសំរាមជាទៀងទាត់សម្រាប់ ៥ ០០០ ខ្នងផ្ទះ និងអាជីវកម្មនៅក្នុងភូមិ គម្រោងនេះនឹង កសាងភស្តុតាង និងមេរៀនសំខាន់ៗសម្រាប់ការពង្រីកការគ្រប់គ្រងកាកសំណល់ ជនបទនៅទូទាំងប្រទេសកម្ពុជា៕

To Top