កម្ពុជា ជឿជាក់ថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី
ភ្នំពេញ ៖ កម្ពុជា បានជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញ លើដំណើរការផ្សះផ្សានេះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបទេសកម្ពុជា នាថ្ងៃទី១៦ កញ្ញា ថា នៅថ្ងៃនេះ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា «គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី១ របស់ខ្លួន ជាមួយប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី»។
កម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រ ដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។
ក្នុងអំឡុងពេលកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ស៊ីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការ ប្រព្រឹត្តិទៅនៃដំណើរការផ្សះផ្សា។
ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ លោក ប្រាក់ សុខុន បានបញ្ជាក់ថា គោលបំណងចម្បង របស់កម្ពុជា គឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
លោក ក៏បានលើកអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្រមួយដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយ សមធម៌ ខណៈពេលរង់ចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ។
ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសទាំងនេះ កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការផ្សះផ្សាររៀបចំរបាយការណ៍ផ្ដល់អនុសាសន៍ដែលអាច ប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ។
គណៈកម្មការផ្សះផ្សា រំពឹងថា នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជា និងថៃ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោល បំណងឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ ប្រទេសទាំងពីរ៕
