Feature

រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតពលរដ្ឋ

តាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០ តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវវ័យ។

ការក្លែងបន្លំម៉ាក ស្លាកសញ្ញា និងសំបកវេចខ្ចប់ មិនត្រឹមតែធ្វើឱ្យអ្នកទិញយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈទៀតផង។

យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានរិបអូសបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារពាក់ព័ន្ធ រួមមាន បារីក្លែងម៉ាក ចំនួន ៣១ប្រភេទ ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ដែលសុទ្ធសឹងជាទំនិញពាក់ម៉ាកល្បី និងពេញនិយម។

ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាប សំបកវេចខ្ចប់ពាក់ម៉ាកក្លែង និងសម្ភារពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាក នៅទីតាំងរោងចក្រ ដែលបានបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក និងឃ្លាំងស្តុក ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទម្ងន់សរុបប្រមាណ ៨០០តោន៕

To Top