រដ្ឋមន្រ្តីបរិស្ថាន ៖ ការគ្រប់គ្រងធនធានធម្មជាតិ និងពាណិជ្ជកម្មបៃតង ដើរទន្ទឹមនឹងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិ និងពាណិជ្ជកម្មបៃតង ដើរទន្ទឹមនឹងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មដែលមិនប៉ះពាល់បរិស្ថាន។

ការថ្លែងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសដឹកនាំប្រតិភូកម្ពុជាអញ្ជើញចូលរួម ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) នាទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៦។
ជាក់ស្ដែង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នារវាង ពាណិជ្ជកម្ម បច្ចេកវិទ្យា និងកិច្ចការពារបរិស្ថាន នៅក្នុងកម្មវិធីជំរុញការវិនិយោគ និងពាណិជ្ជកម្ម៖មានសកម្មភាពជំរុញការធ្វើពាណិជ្ជកម្ម ដែលផ្តោតលើការផ្គូរផ្គងដៃគូអាជីវកម្មរវាងក្រុមហ៊ុនចិន និងអាស៊ាន (China Guangxi Asean Cross-Border Industrial Chain Matchmaking and Exhibition Event)។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងទស្សនវិស័យគន្លឹះ នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីគ្រប់គ្រងបរិស្ថាន ជំរុញការយកបច្ចេកវិទ្យាឌីជីថលទំនើប និងនវានុវត្តន៍ (ដូចជាប្រព័ន្ធ AI ឬឧបករណ៍វៃឆ្លាត) មកជួយក្នុងការតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាបរិស្ថានឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព។

លើសពីនេះ លោករដ្ឋមន្រ្តី បានធ្វើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការ បង្កើនកិច្ចសហប្រតិបត្តិការតំបន់រវាងចិន និងអាស៊ាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជំរុញការប្រើប្រាស់ថាមពលស្អាត និងការកសាងសហគមន៍ដែលមានភាពធន់នឹងអាកាសធាតុ។
ការលើកឡើងនេះ បានបង្ហាញឱ្យឃើញថា កម្ពុជានិងតំបន់អាស៊ានទាំងមូល កំពុងធ្វើការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្ម និងឧស្សាហកម្មប្រពៃណី ឆ្ពោះទៅរកការអភិវឌ្ឍបែបឌីជីថល និងកាបូនទាប ដើម្បីធានាបាននូវការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះលោក រដ្ឋមន្រ្តីនិងប្រតិភូ បានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យា ដ៏ធំសម្រាប់បច្ចេកវិទ្យា AI ដោយបង្ហាញពីឧបករណ៍វៃឆ្លាត ការបកប្រែភាសាបរទេស ជាមួយបច្ចេកវិទ្យាAI បច្ចេកវិទ្យានៃការគ្រប់គ្រងបរិស្ថានគុណភាពទឹក និងបរិស្ថាន ការតាំងបង្ហាញសម្ភារៈ ទំនិញនៃឧស្សហកម្មបៃតង និងឌីជីថល រួមទាំងបច្ចេកវិទ្យាបង្ការតាមរយៈការព័ត៌មានជាមុនបង្កាគ្រោះមហន្តរាយ៕
