Feature

កងទ័ពជេីងទឹកអ៊ីរ៉ង់ បេីកការវាយប្រហារលេីនាវាដឹកប្រេងមួយគ្រឿង​ ដែលបំពានការហាមាត់​ នៅច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖​ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿងដែល «រំលោភបំពាន» និងបានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស​ ដោយខុសច្បាប់​ ត្រូវបានវាយប្រហារ​ ហើយត្រូវបានបង្ខំឱ្យឈប់ដំណើរការ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា នាវាដឹកប្រេងដែលមានឈ្មោះថា «Trend» និងមានទង់ជាតិប្រទេសតូហ្គោ (Togo) ត្រូវបានបញ្ឈប់ដំណើរការ បន្ទាប់ពីវាបានឆេះឡើងក្រោយការវាយប្រហារ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នាវានេះបានព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយខុសច្បាប់​ បន្ទាប់ពីត្រូវបាន «បោកបញ្ឆោត និងញុះញង់» ដោយកងទ័ពសហរដ្ឋអាមេរិក ហើយបានព្រមានថា ការប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះដោយខុសច្បាប់ នឹងមិននាំមកនូវលទ្ធផលអ្វីក្រៅពី «ការបំផ្លិចបំផ្លាញ» នោះឡើយ។

កងទ័ពជើងទឹកបានបន្ថែមថា កម្លាំងរបស់ខ្លួននៅតែបន្តគ្រប់គ្រងច្រកសមុទ្រហ័រមូសយ៉ាងរឹងមាំ ហើយនឹងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយ «អ្នកឈ្លានពាន» ណាមួយឡើយ។

គួរបញ្ជាក់ថា​ អ៊ីរ៉ង់​ បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូសកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយហាមឃាត់ការធ្វើដំណើរដោយសុវត្ថិភាពរបស់នាវា​ ដែលជារបស់ ឬមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហាររួមគ្នារបស់ប្រទេសទាំងពីរទៅលើទឹកដីអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top