រុស្ស៊ី បេីកការវាយប្រហារលេីមជ្ឈមណ្ឌលទិន្នន័យយោធាដ៏ធំបំផុតរបស់អ៊ុយក្រែន
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ បានវាយប្រហារចំមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយ ដែលគាំទ្រដល់ប្រតិបត្តិការម៉ាស៊ីនមេ សម្រាប់គោលបំណងយោធារបស់អ៊ុយក្រែន រួមទាំងការដំណើរការ ការផ្ទេរ និងការរក្សាទុកទិន្នន័យ ក៏ដូចជាព័ត៌មានសម្ងាត់យោធាផងដែរ។
យោងតាមព័ត៌មានផ្លូវការ កន្លែងផលិត និងស្តុកទុកយន្តហោះគ្មានមនុស្សបើក ជាច្រើនកន្លែងនៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញនោះ ក៏ត្រូវបានវាយប្រហារផងដែរ។ លើសពីនេះ រោងចក្រផលិតដែកថែបមួយ និងរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកមួយកន្លែងទៀត ត្រូវបានវាយប្រហារនៅក្នុងតំបន់ Zaporizhzhia។
ចំពោះគោលដៅនៅតាមផ្លូវទឹកវិញ ការវាយប្រហារបានធ្វើឡើងលើនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងដឹកជញ្ជូនសម្ភារៈយោធានៅកំពង់ផែ Chernomorsk និងនាវាដឹកទំនិញស្ងួតមួយគ្រឿងទៀត ដែលដឹកជញ្ជូនឧបករណ៍យោធាទៅកាន់កំពង់ផែ Odessa ព្រមទាំងស្ថានីយ៍អគ្គិសនី Artsiz ដែលផ្គត់ផ្គង់ថាមពលដល់កំពង់ផែ Izmail និងស្ពានផ្លូវគោកចំនួនពីរដែលឆ្លងកាត់ទន្លេ Dniester ដែលត្រូវបានប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនទំនិញយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីក៏បានកាន់កាប់តំបន់លំនៅដ្ឋាន Malaya Volchya ក្នុងតំបន់ Kharkov និងតំបន់ Rozovka ក្នុងតំបន់ Zaporizhzhia ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
