ព័ត៌មានអន្តរជាតិ

វៀតណាមក្លាយជាទីផ្សារ រថយន្តអគ្គិសនីដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ខណៈដែលការលក់កើនឡើងយ៉ាងខ្លាំង

បរទេស៖ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ប្រទេសវៀតណាម បានក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយរថយន្តអគ្គិសនី មានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មី ខណៈដែលការប្រើប្រាស់បានកើនឡើងជាងទ្វេដង ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារឈានមុខគេមួយ របស់ពិភពលោកសម្រាប់វិស័យដឹកជញ្ជូនដោយប្រើថាមពលអគ្គិសនី។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់នេះ បានធ្វើឱ្យវៀតណាមវ៉ាដាច់ប្រទេសថៃ និងឥណ្ឌូណេស៊ី ហើយស្ថិតនៅខ្ពស់ជាងកម្រិតមធ្យមជាសកលដែលមានប្រហែល ២៥ ភាគរយ ដែលនេះបង្ហាញពីល្បឿននៃការរីកចម្រើនរបស់រថយន្តអគ្គិសនី (EVs) នៅក្នុងទីផ្សារមួយដែលធ្លាប់មានកម្រិតស្ទើរតែសូន្យកាលពីឆ្នាំ ២០២០។

នៅក្នុងរបាយការណ៍ Global EV Outlook 2026 របស់ខ្លួន IEA បានឱ្យដឹងថា ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ ២០២៥ ដល់ជាង ៥០០.០០០ គ្រឿង ដោយរថយន្តអគ្គិសនីមានចំណែកជិតមួយក្នុងចំណោមរថយន្តថ្មីរាល់ ៥ គ្រឿងដែលបានលក់ចេញ។

IEA បានបញ្ជាក់ថា ប្រទេស វៀតណាម ឥណ្ឌូណេស៊ី និងថៃ បានដឹកនាំកំណើននៅក្នុងតំបន់នេះ ដោយទទួលបានការគាំទ្រ ពីគោលនយោបាយលើកទឹកចិត្ត ការពង្រីកផលិតកម្មក្នុងស្រុក និងការនាំចូល ជាពិសេសពីប្រទេសចិន។

របាយការណ៍នេះបានបន្ថែមថា នៅប្រទេសវៀតណាម ការលក់រថយន្តអគ្គិសនី បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យចំណែក នៃរថយន្តអគ្គិសនីនៅក្នុងការលក់រថយន្តថ្មីកើនឡើងដល់ប្រហែល ៤០ ភាគរយ ពោលគឺខ្ពស់ជាងកម្រិត ដែលបានកត់ត្រានៅក្នុងប្រទេសភាគច្រើននៃទ្វីបអឺរ៉ុប។

To Top