ក្រសួងការងារនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅស្រុកឈូក
កំពត៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ២ ៤១២ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានប្រជាពលរដ្ឋជិត ៤០០នាក់ចូលរួម លោក គុយ រតនា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។ ថ្ងៃនេះក្រសួងបាននាំយកឱកាសការងារជាង ២ពាន់កន្លែងមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ការនាំយកការងារក្នុងស្រុកដ៏សម្បូរបែបមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង។



លោកបានធ្វើការប្រៀបធៀបយ៉ាងក្បោះក្បាយពីការងារចំណាកស្រុកនៅប្រទេសថៃ និងការងារក្នុងស្រុក ដែលជាជម្រើសដ៏ល្អសម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់ជូនបងប្អូននូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។
ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗដោយស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញនេះទៅបង្កើតមុខរបរដោយខ្លួនឯងក៏បាន ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។

លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារជាង ២ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយ តំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វ៊ូ ជាន ស្តេ សល អ៉ី ឃើ ណ មីកហ្សូន,រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ នៅខេត្តកំពត ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕
