Feature

រដ្ឋមន្ដ្រីអប់រំ ៖ ការអនុវត្តគំរូ «ភាសាចិន + ជំនាញ + ឱកាសការងារ» ពិតជាបានតម្រង់ទិសឱ្យយុវសិស្សបង្កើនសមត្ថភាពជំនាញ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអនុវត្តគំរូ «ភាសាចិន + ជំនាញ + ឱកាសការងារ» ពិតជាបានតម្រង់ទិសឱ្យយុវសិស្សបង្កើនសមត្ថភាពជំនាញ និងទទួលបានការងារប្រកបដោយគុណភាពខ្ពស់ ស្របតាមស្ដង់ដាតំបន់ និងអន្តរជាតិ។

ការថ្លែងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងពិធីបិទ និងប្រគល់រង្វាន់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចាប់ដៃជាមួយប្រទេសកម្ពុជា ព្រមទាំងបណ្ដាប្រទេសអាស៊ានទាំងអស់ បន្តជំរុញស៊ីជម្រៅនូវការចែករំលែកធនធាន ការផ្សារភ្ជាប់ស្ដង់ដា និងការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យអប់រំវិជ្ជាជីវៈ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកជំនាញខ្ពស់ ដែលកំពុងត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាបង្ហាញនូវសមត្ថភាព បច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់យុវជនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់នូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្មនូវការបន្ស៊ីគ្នាឱ្យកាន់តែស៊ីជម្រៅរវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយនឹងសហគ្រាស ស្របតាមតម្រូវការនៃការលើកកម្ពស់វិស័យឧស្សាហកម្ម ដើម្បីឱ្យការបណ្ដុះបណ្ដាលជំនាញសមស្របតាមតម្រូវការការងារជាក់ស្ដែង។ បន្ថែមពីនេះ ការអនុវត្តគំរូ «ភាសាចិន + ជំនាញ + ឱកាសការងារ» ពិតជាបានតម្រង់ទិសឱ្យយុវសិស្សបង្កើនសមត្ថភាពជំនាញ និងទទួលបានការងារប្រកបដោយគុណភាពខ្ពស់ស្របតាមស្ដង់ដាតំបន់ និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការទទួលស្គាល់លើវេទិកាប្រកួតអន្តរជាតិនេះ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់យុវសិស្សកម្ពុជាឱ្យចូលរួមបណ្ដុះបណ្ដាលជំនាញ ដោយឆ្នាំនេះចំនួនក្រុមបេក្ខជនកម្ពុជាដែលចូលរួមប្រកួតបានកើនឡើង ១២០% ធៀបនឹងឆ្នាំមុន ដែលឆ្លុះបញ្ចាំងថាយុវជនជាច្រើនបានរកឃើញទិសដៅអភិវឌ្ឍខ្លួន តាមរយៈការកសាងសមត្ថភាពក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៕

To Top