អាយុរវេទ ដើម្បីអនាគតមានសុខភាពល្អ
ទិវាអាយុរវេទ (Ayurveda) លើកទី១១ ក្រោមប្រធានបទ «អាយុរវេទ ដើម្បីអនាគតមានសុខភាពល្អ» ត្រូវបានរៀបចំប្រារព្ធឡើងនាថ្ងៃនេះ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ប្រធានបទនេះពិតជាមានភាពសមស្រប និងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតម្លៃដែលនៅតែមានសារៈសំខាន់តាមកាលវេលានៃវេជ្ជសាស្ត្របុរាណអាយុរវេទ ព្រមទាំងភាគទានដ៏មានសក្តានុពលក្នុងការលើកកម្ពស់សុខុមាលភាពរបស់បុគ្គល សហគមន៍ និងរបៀបរស់នៅប្រកបដោយចីរភាព។
អាយុរវេទ គឺជាប្រព័ន្ធចំណេះដឹង និងវេជ្ជសាស្ត្របុរាណរបស់ឥណ្ឌា ដែលបានផ្តល់នូវវិធីសាស្ត្រថែទាំសុខភាពបែបសមាហរណកម្ម ដែលផ្តោតលើសុខភាពទាំងរាងកាយ និងផ្លូវចិត្ត អស់រយៈពេលជាច្រើនសហស្សវត្សរ៍មកហើយនៅក្នុងប្រទេសឥណ្ឌា ហើយនៅតែបន្តមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងយុគសម័យទំនើបនេះ។ អាយុរវេទ គឺជាវិទ្យាសាស្ត្រវេជ្ជសាស្ត្រដែលផ្តោតសំខាន់លើការបង្ការជំងឺ និងការលើកកម្ពស់តុល្យភាពរវាងរាងកាយ ផ្លូវចិត្ត របៀបរស់នៅ និងបរិស្ថានជុំវិញខ្លួន។ ការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភប្រកបដោយតុល្យភាព ការអនុវត្តទម្លាប់ប្រចាំថ្ងៃត្រឹមត្រូវ សុខុមាលភាពរាងកាយ និងការថែទាំសុខភាពបង្ការជំងឺ គឺស្របគ្នាយ៉ាងខ្លាំងទៅនឹងការកើនឡើងនៃការចាប់អារម្មណ៍ជាសកលលើសុខុមាលភាព និងការរស់នៅប្រកបដោយសុខភាពល្អ។
អាយុរវេទ បានបញ្ចូលគ្នារវាងចំណេះដឹងវេជ្ជសាស្ត្របុរាណដ៏សម្បូរបែបរបស់ឥណ្ឌា ជាមួយនឹងការស្រាវជ្រាវទំនើប ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ បទដ្ឋានគុណភាព និងនវានុវត្តន៍។ តាមរយៈវិធីសាស្ត្រនេះ យើងអាចថែរក្សា និងការពារទស្សនៈ និងចំណេះដឹងដែលជាបេតិកភណ្ឌបុរាណរបស់ឥណ្ឌា ព្រមទាំងធានាថា អាយុរវេទ បន្តអភិវឌ្ឍខ្លួនប្រកបដោយភាពឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពក្នុងយុគសម័យបច្ចុប្បន្ន។
ដើម្បីទទួលស្គាល់នូវសារៈសំខាន់ដែលរាជរដ្ឋាភិបាលឥណ្ឌាបានយកចិត្តទុកដាក់លើការអភិវឌ្ឍ និងការលើកកម្ពស់វេជ្ជសាស្ត្រអាយុរវេទ ព្រមទាំងប្រព័ន្ធវេជ្ជសាស្ត្របុរាណឥណ្ឌាផ្សេងទៀត ក្រសួងអាយុស (Ministry of AYUSH) ត្រូវបានបង្កើតឡើងជាក្រសួងដាច់ដោយឡែកក្នុងឆ្នាំ២០១៤។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអាយុស និងគ្រឹះស្ថានក្រោមឱវាទ រដ្ឋាភិបាលបានគាំទ្រដល់ការអប់រំ ការស្រាវជ្រាវ ការថែទាំសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធានាគុណភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអាយុរវេទ និងប្រព័ន្ធឱសថបុរាណ AYUSH ផ្សេងទៀត។
បេសកកម្មអាយុសជាតិ (National AYUSH Mission) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការពង្រឹងសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអាយុស (AYUSH)។ រដ្ឋាភិបាលក៏កំពុងគាំទ្រដល់ការស្រាវជ្រាវ និងកម្មវិធី AYURSWASTHYA ខណៈដែលកម្មវិធីលើកកម្ពស់គុណភាព និងការផលិតឱសថអាយុស (AOGUSY) មានគោលបំណងពង្រឹងគុណភាព និងការអភិវឌ្ឍឱសថបុរាណ AYUSH ព្រមទាំងវិស័យឱសថសាស្ត្រដែលពាក់ព័ន្ធ។
ប្រទេសឥណ្ឌាក៏កំពុងផ្តល់សារៈសំខាន់កាន់តែខ្លាំងឡើងលើការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃរុក្ខជាតិឱសថ ដែលជាធនធានដ៏សំខាន់សម្រាប់វេជ្ជសាស្ត្របុរាណ។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយរបស់ឥណ្ឌា ក្នុងការធ្វើឱ្យចំណេះដឹងបុរាណក្លាយជាសមាសភាគដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពទំនើប ដែលងាយស្រួលចូលដំណើរការ ប្រកបដោយបរិយាបន្ន និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។
ការប្រារព្ធទិវាអាយុរវេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយសារតែឥណ្ឌា និងកម្ពុជា មានចំណងទាក់ទងផ្នែកអរិយធម៌ និងវប្បធម៌យ៉ាងជិតស្និទ្ធ និងយូរអង្វែង។ ប្រទេសទាំងពីរបានទំនាក់ទំនងគ្នារាប់សតវត្សរ៍មកហើយ តាមរយៈព្រះពុទ្ធសាសនា វប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ចំណេះដឹង និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ បេតិកភណ្ឌដ៏ស្កឹមស្កៃនៃរមណីយដ្ឋានអង្គរ គឺជាសាក្សីយ៉ាងរឹងមាំបង្ហាញពីជម្រៅនៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងសង្គមទាំងពីរ។
នៅក្នុងបរិបទនៃទំនាក់ទំនងអរិយធម៌ដ៏ទូលំទូលាយនេះ មានកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវេជ្ជសាស្ត្របុរាណ អាយុរវេទ សុខុមាលភាព រុក្ខជាតិឱសថ ការអប់រំ ការស្រាវជ្រាវ និងការកសាងសមត្ថភាព។
វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា ក៏ផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើការអនុវត្តការថែទាំសុខភាពបង្ការ និងសុខុមាលភាពផងដែរ។ នាពេលថ្មីៗនេះ ផលិតផលពាក់ព័ន្ធនឹងអាយុរវេទត្រូវបាននាំយកមកផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកំពុងតែមានវត្តមានកាន់តែច្រើនឡើងនៅក្នុងទីក្រុងធំៗ ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។ រដ្ឋាភិបាលឥណ្ឌាតែងតែលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអាយុរវេទ តាមរយៈដៃគូស្ថាប័ន កិច្ចសហប្រតិបត្តិការសិក្សាធិការ ការស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។ វាគួរតែជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកឱកាសស្រដៀងគ្នានេះជាមួយដៃគូកម្ពុជា។
ប្រធានបទ «អាយុរវេទ ដើម្បីអនាគតមានសុខភាពល្អ» នៅទីបំផុត គឺជាសារមួយស្តីពីសារៈសំខាន់នៃការបង្ការជំងឺ តុល្យភាពក្នុងជីវិត និងសុខុមាលភាព។ អនាគតប្រកបដោយសុខភាពល្អប្រសើរ មិនត្រឹមតែទាមទារឱ្យមានការរីកចម្រើនផ្នែកការព្យាបាលខាងវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីរបៀបរស់នៅប្រកបដោយសុខភាព អាហាររូបត្ថម្ភ សកម្មភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខដុមរមនាជាមួយនឹងធម្មជាតិ។ ដូចនេះ ក្នុងឱកាសនៃការប្រារព្ធទិវាអាយុរវេទ លើកទី១១ នេះ សូមយើងទាំងអស់គ្នាសម្លឹងមើលទៅអនាគត ដោយមិនបោះបង់ចោលនូវប្រាជ្ញាញាណនៃអតីតកាលឡើយ។
ដោយ៖ លោក Vanlalvawna Bawitlung
