សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោក ប្រធានក្រុមហ៊ុនប្រចាំតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) និងការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា។
ទន្ទឹមនេះ, លោក ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យបច្ចេកវិទ្យាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានគោរពរាយការណ៍ជូន សម្ដេចធិបតី អំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីបន្តបណ្ដុះបណ្ដាលដល់សិស្ស និងនិស្សិតកម្ពុជា។

បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុន បានចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងស្វែងរកទីតាំងប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការការពារទិន្នន័យឌីជីថល និងការកសាងធនធានមនុស្សលើវិស័យឌីជីថល។
ជាការឆ្លើយតប, សម្ដេចធិបតី បានយល់ស្របជាមួយលោកប្រធានក្រុមហ៊ុនអំពីសារៈសំខាន់នៃធនធានមនុស្សឌីជីថល ព្រមទាំងបានលើកឡើងពីហានិភ័យមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យា AI ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្ពស់។
ចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, លើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រកបដោយភាពបុរេសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, សម្តេចធិបតី ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ, ការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ AI, ការពង្រឹងសន្តិសុខសាយប័រ និងការការពារអធិបតេយ្យភាពទិន្នន័យ (Data Sovereignty) ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យាជាដើម៕
