កងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិថៃម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចខ្សែភ្លើងតាមបុរី នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិថៃម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស(ករណីលួចខ្សែភ្លើង) របស់ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ឡេង សេងហៀង ភេទស្រី អាយុ 40 ឆ្នាំ នៅក្នុងបុរីសុខស្រេង២ នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃអង្គារកន្លងទៅ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ លោកវរសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោប៉ោយប៉ែត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមានការសម្របសម្រួលនីតិវិពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍ទាន់ពេលវេលាឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈ្មោះ ស៊ីតទីផាន គិតចាកានភីរុន ហៅ ផាន អាយុ៣៤ឆ្នាំ (ជាជនជាតិថៃ) នៅទីតាំងកើតហេតុក្នុងបុរីសុខស្រេង២ ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលបង្ហាញថាវិជ្ជមាន (+) ជនសង្ស័យប្រើប្រាស់សារធាតុញៀន ព្រមទាំងការដកហូតវត្ថុតាងរួមមានដែកកែច្នៃ កាំបិត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ផ្អែកលើចម្លើយសារភាពជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ: ប៊ុន សំណាង/Dap News
