Feature

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់សមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី១០០

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម ដោយផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។

របៀបវារៈនោះ រួមមាន៖ ១-ការរាយការណ៍ពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក, ការជំរុញបរិវត្តកម្មបច្ចេកវិទ្យាដើម្បីគាំទ្រដល់សមាជិក, និងការសហការនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, ២-គំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្រ្ត, ៣-ការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេស (Special Interest Group), និង ៤-ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ADFIAPសម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩។

ជាលទ្ធផល, ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផល ជាច្រើន ពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្ត, ការពង្រឹងសមត្ថភាពសមាជិក។ ក្នុងកិច្ចប្រជុំនេះ, លោកបណ្ឌិត កៅ ថាច តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាថ្មី សម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩ ដោយសម្លេងភាគច្រើនលេីសលុប ដែលលទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកសមាគម ADFIAP ចំពោះភាពជាអ្នកដឹកនាំ និងប្តេជ្ញាចិត្តរបស់ ឯកឧត្តមបណ្ឌិត ក្នុងការជំរុញបេសកកម្មរបស់សមាគមប្រកបដោយចក្ខុវិស័យ។

គួរបញ្ជាក់ផងដែរថា សមាគម ADFIAP គឺជាថ្នាលនៃបណ្តាញស្ថានប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលរួមចំណែក្នុងការ ជំរុញការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាបន្ន។ សមាគមនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ ដែលបច្ចុប្បន្នមានសមាជិកមកពីជាង ៤៥ ប្រទេស៕

To Top