កម្ពុជា-ចិន ពង្រឹងការអនុវត្តច្បាប់ ផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ កម្ពុជា-ចិន បានពង្រឹងការអនុវត្តច្បាប់ ផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត។
ជាក់ស្ដែង នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍លោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ។
ក្នុងជំនួបពិភាក្សាទ្វេភាគី មុនបើកកិច្ចប្រជុំពេញអង្គ លោកឧបនាយករដ្ឋមន្ត្រី និងលោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានផ្លាស់ប្ដូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីបទពិសោធនៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការពង្រឹងការអនុវត្តច្បាប់ ដែលផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត ដូចជាបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងការចរាចរណ៍ទំនិញក្លែងក្លាយ ឬខុសច្បាប់ជាដើម។
ភាគីទាំងពីរ បានថ្លែងអំណរគុណដល់មន្ត្រីទាំងសងខាង ដែលបានអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយភាពស្មោះត្រង់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
បញ្ចប់កិច្ចពិភាក្សាទ្វេភាគី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន៕
