សម្ដេចធិបតី ផ្តល់គោលការណ៍ ដល់រដ្ឋបាលរាជធានី រៀបចំរថយន្តក្រុង ដឹកពលរដ្ឋ ទៅលេងស្រុក ដោយឥតគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌ
ភ្នំពេញ៖ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តល់គោលការណ៍ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូន ប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
២. រថយន្តក្រុងចំនួន ៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៦ គោលដៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរៀបចំនេះនឹងអាចជួយសម្រួល និងសម្រាលបន្ទុកចំណាយផង និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សុវត្ថិភាពផង ក្នុងឱកាសទៅជួបជុំក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណីខ្មែរ នាឱកាសការកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ៕





