ជំនន់លិចផ្លូវធ្ងន់ធ្ងរ! មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សម្រេចបិទចរាចរណ៍រថយន្តធុនធំលើផ្លូវ ៤ខ្សែ បណ្តោះអាសន្ន
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងរួមផ្សំជាមួយនឹងទឹកធ្លាក់ហូរឆ្លងដែនមកពីប្រទេសថៃ បាននិងកំពុងវាយលុកលិចលង់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចិត្តប្រកាសបិទផ្អាកជាបន្ទាន់នូវរាល់ចរាចរណ៍យានយន្តធុនធំ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធកុំឱ្យខូចខាតទ្រង់ទ្រាយធំ និងធានាសុវត្ថិភាពអ្នកដំណើរអំឡុងពេលទឹកជន់លិចខ្លាំង។

វិធានការបិទផ្លូវនេះត្រូវបានអនុវត្តចំគោលដៅលើកំណាត់ផ្លូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥៩ ក្នុងស្រុកម៉ាឡៃ ផ្លូវជាតិលេខ៥៦D ក្នុងស្រុកអូរជ្រៅ និងផ្លូវខេត្តលេខ១៥៩H ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីកម្លាំងទឹកហូរច្រោះ។

ទោះបីជាការផ្អាកនេះអាចប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋក៏ដោយ មន្ទីរជំនាញសូមអំពាវនាវដល់ម្ចាស់យានយន្តធុនធំទាំងអស់ មេត្តាចូលរួមសហការ និងយោគយល់ខ្ពស់ រហូតទាល់តែស្ថានភាពទឹកស្រកចុះ ទើបផ្លូវបើកដំណើរការធម្មតាវិញ៕





អត្ថបទ:ប៊ុន សំណាង/Dap News
