បរទេស៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានឯកភាពគ្នាលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធទៅវិញទៅមកក្នុងទំហំទឹកប្រាក់ ៣០ ពាន់លានដុល្លារ និងចាប់ផ្តើមការសន្ទនាគ្នាអំពីបញ្ញាសិប្បនិម្មិត (AI) ក្រោមចំណុចឯកភាពចំនួន ៨ ដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រសួងដដែលបានបញ្ជាក់ថា ភាគីទាំងពីរបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្នែកសេដ្ឋកិច្ចរៀងៗខ្លួន និងបានគាំទ្រវិធានការនានា រួមទាំងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម កិច្ចព្រមព្រៀងកាត់បន្ថយពន្ធ និងការពង្រីកលទ្ធផលពីកិច្ចពិភាក្សាមុនៗនៅទីក្រុងគូឡាឡាំពួ។
ចំណែករដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងចិនបានឯកភាពគ្នាកាលពីពេលមុនក្នុងការបន្តរយៈពេល ២ ខែទៀតនូវបទឈប់បាញ់ផ្នែកពាណិជ្ជកម្មដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី ១០ ខែវិច្ឆិកា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចនឹងមានទំហំធំជាងមុន។
មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃ ដែលផ្តោតសំខាន់លើទំនាក់ទំនងការទូតផ្ទាល់ខ្លួន ជាជាងការសម្រេចបាននូវលទ្ធផលធំដុំជាសាធារណៈ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក ស៊ី បានធ្វើដំណើរត្រឡប់ទៅដល់ទីក្រុងប៉េកាំងវិញហើយ៕
ប្រែសម្រួល: ណៃ តុលា
