Feature

ឧបនាយករដ្ឋមន្ត្រី ស សុខា រំលឹកសិស្សឱ្យចងចាំគុណ ឪពុក-អ្នកម្ដាយ លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្រើនរម្លឹកសិស្សប្រឡងជាប់ទាំងអស់ មិនថានិទេស្ទA ឬនិទេស្ទផ្សេងឡើយ ត្រូវមានស្មារតីចងចាំជានិច្ចនូវគុណូបការៈលោកឪពុក អ្នកម្ដាយ លោកគ្រូ អ្នកគ្រូ និងមួយផ្នែកទៀត គឺថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ស.ស.យ.ក ដែលបានជួយគាំទ្រ និងជ្រោមជ្រែង ការសិក្សា។

ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រឡងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ នៅខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកន្លងមក មានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានបង្កលក្ខណៈ ដឹកនាំកសាង និងអភិវឌ្ឍជាតិ ថែរក្សាការពារសុខសន្តិភាព ធ្វើឱ្យប្អូនៗមានឱកាសទទួលបានការអប់រំស្មើៗគ្នាទូទាំងប្រទេស។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ជាក់ស្ដែងនៅខេត្តព្រៃវែង វិស័យអប់រំមានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំ។

ឧបនាយករដ្ឋមន្ត្រី ក៏បានទាញចំណាប់អារម្មណ៍សិស្សថា ដំណើរទៅមុខនៃជីវិតសិក្សារៀនសូត្រនៅវែងឆ្ងាយទៀត ជាក់ស្ដែងអ្នកខ្លះក៏បានចាប់ផ្ដើមរៀននៅសាកលវិទ្យាល័យ និងសិក្សាជំនាញផ្សេងៗ។ ចំណុចនេះមានន័យថា គ្រប់គ្នាត្រូវតែបន្តតស៊ូក្រេបយកចំណេះ ជំនាញ ព្រមទាំងមេរៀនបទពិសោធថ្មីៗលើសពីភាពជាសិស្ស នឹងក្លាយជានិស្សិត ជាយុវជនមានសក្ដានុពលសម្រាប់ជាតិ។

ដើម្បីឆ្លើយតប និងសម្រេចនូវជោគជ័យបាន ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្រកាម់ខ្ជាប់កិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះ និងជំនាញមូលដ្ឋានដែលបានជ្រើសរើសសម្រាប់សិក្សាក្រោយពីប្រឡងជាប់ បូករួមទាំងការប្រព្រឹត្តអំពើល្អក្នុងសង្គម ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាឱ្យខ្លួនឯងក្លាយជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ៕

To Top