Feature

កម្ពុជា បង្ហាញសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លួន ក្នុងព្រឹត្តិការណ៍រាត្រីសមោសរ នៃកិច្ចជុំ GX Summit 2026

ភ្នំពេញ ៖ ក្នុងព្រឹត្តការណ៍រាត្រីសមោសរ នៃកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures កម្ពុជា បានធ្វើការបង្ហាញ នូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លួន ទៅកាន់គណប្រតិភូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទ្វីប សរុបប្រមាណជាង៦០០រូប ។

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថា បើករាត្រីសមោសរ​ ដែលរៀបចំក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក Bruce Poon Tip សហស្ថានិកក្រុមហ៊ុន G Adventures, លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកពីគ្រប់ទ្វីប នៃពិភពលោក សរុបប្រមាណជាង៦០០រូប នាប្រាសាទបាយ័ន។

ក្នុងព្រឹត្តិការណ៍ខាងលើនេះ គណៈប្រតិភូអន្តរជាតិ GX Summit 2026 រំភើប និងកោតស្ញប់ស្ញែងពីទិដ្ឋភាពដ៏ស្រស់ស្អាត​ របស់ប្រាសាទបាយ័ននាពេលរាត្រី និងបទពិសោធន៍ទេសចរណ៍ដ៏ល្អ មិនអាចបំភ្លេចបាននៅកម្ពុជា និងបានបង្ហោះរូបថត និងវីដេអូដល់អ្នកតាមដានរបស់ខ្លួន និងប្រជាជនរាប់ពានលាននាក់ ជុំវិញពិភពលោក ។

រាត្រីសមោសរនេះ ត្រូវបានរៀបចំឡើង ក្នុងឱកាស នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Adventures ដោយមានការ ចូលរួមពីប្រតិភូរបស់ខ្លួន ជាប្រតិបត្តិករទេសចរណ៍ពីគ្រប់ទ្វីប នៃពិភពលោក ។ ក្នុងព្រឹត្តការណ៍ កម្រិតពិភពលោកនេះ កម្ពុជា បានធ្វើការបង្ហាញ នូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់ខ្លួន ព្រមទាំងកត្តាសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសំបូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ ដែលត្រូវបានចាត់ទុក​ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក ភាពរួសរាយរាក់ទាក់ របស់ប្រជាជនខ្មែរ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ ពិសេស គោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ដល់ប្រតិភូអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រយៈពេលវែង ជាមួយក្រុមហ៊ុនទេសចរណ៍ G Adventures ដ៏ធំមួយនេះ និងការកសាងកិត្តិនាមកម្ពុជា លើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខឱ្យកាន់តែច្រើនឡើង៕

To Top