ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលហូឡង់​ កោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ ជុំវិញការដកហូត ឋានៈអ្នកការទូតរបស់ខ្លួន

ឡាអេ៖​ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Tom Berendsen បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅហូឡង់​ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការដកហូតឋានៈអ្នកការទូតរបស់មន្ត្រីការទូតហូឡង់ដែលប្រចាំការនៅទីក្រុងរ៉ាម៉ាឡា​ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហូឡង់។

យោងតាមស្ថាប័នផ្សព្វផ្សាយសាធារណៈរបស់ហូឡង់ NOS លោក Berendsen បានកោះហៅឯកអគ្គរដ្ឋទូតរូបនេះ​ ដើម្បីសុំការបំភ្លឺអំពីការ សម្រេចចិត្តខាងលើ ដែលប៉ះពាល់ដល់បុគ្គលិកមួយចំនួន នៃបេសកកម្មហូឡង់ ប្រចាំនៅទីក្រុងរ៉ាម៉ាឡា។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានឧ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល​ នឹងដកហូតឯកសិទ្ធិ និងអភ័យឯកសិទ្ធិការទូតរបស់មន្ត្រីការទូតហូឡង់ ដែលប្រចាំការនៅទីក្រុងរ៉ាម៉ាឡា ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់ របស់ហូឡង់លើផលិតផលដែលមកពីតំបន់តាំងទីលំនៅ របស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន​ ដែលត្រូវបានកាន់កាប់។

លោកបានលើកឡើងនៅលើបណ្តាញសង្គម X ថា មន្ត្រីការទូត ទាំងនោះមានរយៈពេល ៧ ថ្ងៃ​ ដើម្បីប្រគល់ឯកសារការទូត ដែលចេញដោយអ៊ីស្រាអែលមកវិញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top