Feature

បញ្ជូនជនជាប់ឃុំជិត ២ពាន់នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ PJ ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកបញ្ជូនជនជាប់ឃុំ ចំនួន ១៨៣៧ នាក់ ពីពន្ធនាគាររាជធានីភ្នំពេញPJ (ទីតាំងចាស់) ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញថ្មី មានទីតាំងស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយមានការសហការយ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដំណើរការទាំងមូលបានប្រព្រឹត្តទៅដោយរលូន ជោគជ័យ ធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាក់ថា ទីតាំងពន្ធនាគាររាជធានីភ្នំពេញ PJ(ទីតាំងចាស់) ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាមណ្ឌលអប់រំកែប្រែទី៥ ដើម្បីផ្តល់ឱកាសដល់ជនជាប់ឃុំទទួលបានកម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ សម្រាប់ត្រៀមធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ បន្ទាប់ពីអនុវត្តទោសចប់ ទន្ទឹមនឹងនេះ ក៏ចូលរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល។

To Top