លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ក៏ព្រលានយន្តអន្តរជាតិតេជោ មិនជន់លិចដែរ
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល (SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ទោះបីជាកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចហេតុការណ៍កើតឡើងនៅប្រទេសជិតខាងក៏ដោយ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ មិនអាចជួបបញ្ហានូវការជន់លិខនោះទេ។

ការមិនជួបនូវបញ្ហាជន់លិចនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ព្រោះអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងកម្រិត 4Fនេះ ត្រូវបានរៀបចំសាងសង់ឡើង ស្របតាមស្តង់ដាសុវត្ថិភាព អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងប្រព័ន្ធវិស្វកម្មការពារទឹកជំនន់ពហុស្រទាប់ ឆ្លើយតបយ៉ាងរឹងមាំចំពោះបម្រែបម្រួលអាកាសធាតុ ។ បទពិសោធន៍ នៃការកកស្ទះ ដោយសារជំនន់ទឹកភ្លៀងនៅបណ្តាអាកាសយានដ្ឋានក្នុងតំបន់ ត្រូវបានកម្ពុជាយកមកសិក្សា និងរៀបចំវិធានការការពារ មិនត្រឹមតែសម្រាប់តំបន់ស្នូលនិងសំខាន់ៗ នៃហេដ្ឋារចនាសម្ព័ន្ធ របស់អាកាសយានដ្ឋានប៉ុណ្ណោះទេ ថែមទាំងធានាបាន នូវហេដ្ឋារចនាសម្ព័ន្ធចរន្តផ្លូវតភ្ជាប់ធ្វើដំណើរខាងក្រៅ និងផ្លូវធ្វើដំណើរពាក់ព័ន្ធបម្រើប្រតិបត្តិការ ជើងហោះហើរមិនឱ្យរអាក់រអួលថែមទៀត។
លោកបន្ត បើមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ មិនអាចកើតឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ឈានមុខគេ ក្នុងការធានាបានភាពធន់ នៃដំណើរការប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជាស្រេច ដែលបានគណនាសម្រាប់វដ្ត នៃការកើតឡើងវិញដដែលៗ ពី១០០ ទៅ ២០០ ឆ្នាំម្តង។
លោកបន្ថែមថា លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក និងស្ទាក់ទឹកដ៏ប្រទាក់ក្រឡាជុំវិញ រួមទាំងអាងស្តុកទឹកបណ្តោះអាសន្ន និង ប្រព័ន្ធបូមរំដោះទឹកស្វ័យប្រវត្តិកម្លាំងខ្លាំង ដំណើរការបូមទឹកបញ្ចេញភ្លាមៗ ដោយស្វ័យប្រវត្តិក្នុងកម្រិតរាប់ម៉ឺនម៉ែត្រគូបក្នុងមួយម៉ោង ធានាមិនមានការជន់កកស្ទះលើហេដ្ឋារចនាសម្ព័ន្ធរបស់អាកាសយានដ្ឋានជាដាច់ខាត ។
ចំពោះករណី ផ្លូវធ្វើដំណើរខាងក្រៅជន់លិច អ្នកដំណើរ និងបុគ្គលិកអាចធ្វើដំណើរចូលអាកាសយានដ្ឋានបានដោយរបៀបណានោះលោកស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរខាងក្រៅ តភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សុទ្ធតែបានគិតគូរយ៉ាងលម្អិតផងដែរ លើខ្សែផ្លូវតភ្ជាប់ពហុទម្រង់ ដោយធានាថា មិនមានការរំខានពីគ្រោះទឹកជំនន់។ ជាមួយគ្នានោះ អាកាសយានដ្ឋានក៏មានផែនការបម្រុង ដោយមានកន្លែងស្នាក់នៅបម្រុងសម្រាប់បុគ្គលិកបច្ចេកទេសសំខាន់ៗ ដើម្បីធានាថា ប្រតិបត្តិការមិនមានការកកស្ទះទោះស្ថិតក្នុងគ្រាអាសន្នក៏ដោយ ៕
