ប្រភពសន្តិសុខថា អារ៉ាប៊ីសាអូឌីតបដិសេធ សំណើរបស់អ៊ីស្រាអែល ដែលស្នើសុំអនុញ្ញាត ឱ្យយន្តហោះរបស់ខ្លួន ចូលទៅទទួលអ្នកដំណើរ ជនជាតិអ៊ីស្រាអែល
បេទេស៖ ប្រភពព័ត៌មានផ្នែកសន្តិសុខ ចំនួនពីរបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអូឌីតបានបដិសេធ សំណើរបស់អ៊ីស្រាអែល ដែលស្នើសុំអនុញ្ញាតឱ្យយន្តហោះរបស់ខ្លួន ចូលទៅដឹកអ្នកដំណើរជនជាតិអ៊ីស្រាអែល ត្រឡប់មកវិញ ក្រោយពេល ដែលជើងហោះហើរមួយរបស់ក្រុមហ៊ុន flydubai បានចុះចតជាបន្ទាន់នៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា ប្រភពទាំងនោះបានបញ្ជាក់ថា សំណើនោះគឺដើម្បីអនុញ្ញាតឱ្យយន្តហោះយោធារបស់អ៊ីស្រាអែល ចូលទៅដឹកជនជាតិអ៊ីស្រាអែលចេញពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមិនមានទំនាក់ទំនង ការទូតជាមួយអ៊ីស្រាអែល។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ សុំការអត្ថាធិប្បាយលើរឿងនេះទេ។
ប្រភពមួយក្នុងចំណោមប្រភពទាំងនោះបានឱ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែលកំពុងត្រៀមបញ្ជូនយន្តហោះប្រភេទ Super Hercules ដើម្បីទៅដឹកអ្នកដំណើរជនជាតិអ៊ីស្រាអែលទាំងនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងកាលពីថ្ងៃពុធថា ជំនួយការអ្នកបើកបរ (co-pilot) នៃជើងហោះហើររបស់ក្រុមហ៊ុន flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងតេលអាវីវ (Tel Aviv) បានប៉ុនប៉ងធ្វើឱ្យយន្តហោះធ្លាក់ បន្ទាប់ពីបានចាក់ប្រហារទៅលើអ្នកបើកបរយន្តហោះ (captain) ប៉ុន្តែអ្នកដំណើរបានជួយគ្នាទប់គាត់ជាប់ ខណៈពេលដែលអ្នកបើកបរយន្តហោះផ្សេងទៀត បានចុះចតយន្តហោះដោយសុវត្ថិភាព នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
