ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រកាសបង្កើតបញ្ជាការដ្ឋាន អាវុធស្វ័យប្រវត្តិ និងបន្តយុទ្ធនាការលុបបំបាត់វប្បធម៌ ‘Woke’ ក្នុងជួរកងទ័ព

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសពីការបង្កើតបញ្ជាការដ្ឋាន សង្គ្រាមស្វ័យប្រវត្តិថ្មីមួយ (Autonomous Warfare Command) ដែលផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត។ ស្របពេលជាមួយគ្នានេះ លោកបានបន្តរិះគន់យ៉ាងចាស់ដៃទៅលើវប្បធម៌ ‘Woke’ (ការផ្តោតលើភាពចម្រុះ និងសមធម៌យេនឌ័រ) ក្នុងជួរយោធា ដោយប្រកាសបង្កើនការកាត់បន្ថយ តំណែងមន្ត្រីយោធាជាន់ខ្ពស់ និងប្រើប្រាស់ពាក្យសម្តីប្រមាថទៅលើទាហានប្តូរយេនឌ័រផងដែរ នេះបើតាមកាចេញផ្សាយពី CNN ថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៦។

ការឆ្ពោះទៅរកបច្ចេកវិទ្យា AI ក្នុងវិស័យយោធា នៅក្នុងសុន្ទរកថាទៅកាន់នាយទាហានវ័យក្មេង និងនាយទាហានរងប្រមាណ ៦០០ នាក់ នៅមូលដ្ឋានទ័ព Quantico រដ្ឋ Virginia លោក Hegseth បានបញ្ជាក់ថា បញ្ជាការដ្ឋានថ្មីនេះនឹងត្រូវដឹកនាំដោយឧត្តមសេនីយ៍ផ្កាយ៤ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបច្ចេកវិទ្យានេះក្នុងប្រតិបត្តិការយោធានាពេលអនាគត។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយផ្អែកលើមេរៀនទទួលបានពីសង្គ្រាមនៅអ៊ុយក្រែន។ បន្ថែមពីនេះ លោក Elon Musk ក៏ដូចជាអតីតប្រធានសភាលោក Newt Gingrich និងលោក Palmer Luckey (ស្ថាបនិកក្រុមហ៊ុន Anduril) នឹងដឹកនាំក្រុមការងារសិក្សាពីអនាគតនៃសង្គ្រាម ដែលមានឈ្មោះថា “Project Meridian”។

ការបោសសម្អាតមន្ត្រីជាន់ខ្ពស់ និងការរឹតបន្តឹងវិន័យកងទ័ព លោករដ្ឋមន្ត្រីបានប្រកាសបង្កើនគោលដៅកាត់បន្ថយតំណែងឧត្តមសេនីយ៍យោធាពី ១០% ទៅ ២០% ដើម្បីលុបបំបាត់គោលនយោបាយ ‘Woke’។ កន្លងមក លោកបានបណ្តេញមន្ត្រីជាន់ខ្ពស់ជាង ២០ រូបដោយគ្មានការពន្យល់ច្បាស់លាស់ ដែលជាហេតុធ្វើឱ្យរដ្ឋមន្ត្រីកងទ័ពជើងគោក លោក Dan Driscoll សម្រេចចិត្តលាលែងពីតំណែង។ លោក Hegseth បានសង្កត់ធ្ងន់ថា យោធាអាមេរិកលែងជា “នាយកដ្ឋាន Woke ឬទន់ខ្សោយទៀតហើយ” ដោយលោកបានប្រើពាក្យប្រមាថ និងបញ្ជាក់យ៉ាងដាច់អហង្ការថា មិនត្រូវការទាហានធាត់ៗ ទាហានប្តូរយេនឌ័រ ឬទាហានទុកពុកចង្កាឡើយ ពោលគឺត្រូវការតែ “អ្នកចម្បាំង និងកងទ័ពដែលរឹងមាំប៉ុណ្ណោះ”។

សុន្ទរកថានេះមានលាយឡំយ៉ាងខ្លាំងជាមួយនឹងសារបែបសាសនាគ្រិស្ត ដោយលោកបានលើកឡើងពីគម្រោងដំឡើងតួនាទីដល់មន្ត្រីអាចារ្យសាសនា (Chaplaincy) ក្នុងជួរយោធា។ លោកក៏បានបញ្ចូលសាកលវិទ្យាល័យដែលតម្រង់ទិសផ្នែកសាសនាគ្រិស្តអភិរក្សនិយម ដូចជា Hillsdale និង Liberty ទៅក្នុងបញ្ជី “មហាវិទ្យាល័យយោធាឆ្នើម” ដើម្បីទទួលជំនួយពីមន្ទីរបញ្ចកោណក្នុងការបណ្តុះបណ្តាលនាយទាហានថ្មី។ ក្រៅពីនេះ ក៏មានគម្រោងទំនើបកម្មមូលដ្ឋានទ័ព ខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតមូលដ្ឋានទ័ពថ្មីផងដែរ។

ការថ្លែងសុន្ទរកថានេះ ធ្វើឡើងចំថ្ងៃគម្រប់ខួប នៃសុន្ទរកថា លើកមុនរបស់លោកកាលពីឆ្នាំ ២០២៥ និងស្របពេល ដែលកងទ័ពសហរដ្ឋអាមេរិក បានបញ្ចប់ការដកទ័ពទាំងស្រុង ចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាការបិទបញ្ចប់បេសកកម្ម ប្រឆាំងក្រុមភេរវករ ISIS ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៤ មក។

ប្រែសម្រួល៖​គីរិ

To Top