Feature

UNICEF ចាត់ទុកភាពជាដៃគូ ក្នុងវិស័យទឹកស្អាត របស់កម្ពុជា ជាគំរូសម្រាប់ប្រទេសដទៃ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អង្គការយូនីសេហ្វ (UNICEF) មើលឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ថាអាចជាគំរូសម្រាប់ប្រទេសដទៃ។

នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត Maha Damaj តំណាងអង្គការយូនីសេហ្វនៅកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ភាគីទាំងពីរ បានពិភាក្សាអំពីការអនុវត្ត «គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សហគ្រាស» (WISE) កិច្ចសហការជាមួយប្រតិបត្តិករទឹកស្អាតឯកជន និងការត្រៀមលក្ខណៈទប់ទល់នឹងហានិភ័យកង្វះទឹកដែលអាចបង្កឡើងដោយបាតុភូត El Niño។

លោកស្រី Maha Damaj បានលើកឡើងថា «គម្រោង WISE មានលក្ខណៈនវានុវត្តន៍ខ្ពស់ និងជាគំរូនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលយើងមើលឃើញថាជាទិសដៅអនាគតនៃការធានាសិទ្ធិមូលដ្ឋានក្នុងការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងកុមារ។ គម្រោងនេះមានលក្ខណៈឈានមុខក្នុងទិដ្ឋភាពជាច្រើន ហើយយើងជឿថា កម្ពុជាអាចបង្ហាញគម្រោងជាគំរូនៃភាពជាដៃគូទៅកាន់ពិភពលោក»

លោកស្រី បានបន្ថែមថា នាយកសកលរបស់យូនីសេហ្វ ទទួលបន្ទុកទឹកស្អាត និងអនាម័យ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដើម្បីស្វែងយល់ពីគម្រោងនេះ និងពិនិត្យលទ្ធភាពចងក្រងជាករណីសិក្សាសម្រាប់ប្រទេសដទៃដែលកំពុងប្រឈមបញ្ហាទឹកស្រដៀងគ្នា។

លោក ហែម វណ្ណឌី បានលើកឡើងថា គម្រោង WISE គាំទ្រដល់កំណែទម្រង់ទូលំទូលាយរបស់ក្រសួងក្នុងវិស័យទឹកស្អាត រួមទាំងផ្នែកអភិបាលកិច្ច ប្រតិបត្តិការបច្ចេកទេស គុណភាពទឹក ការពង្រីកសេវា ការអនុវត្តច្បាប់និងបទប្បញ្ញត្តសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន។

លោក បានលើកឡើងថា ជាមួយធនធានដែលយូនីសេហ្វ និងគម្រោង WISE អាចកៀរគរបាន គម្រោងអាចបង្កើតផលជះកាន់តែធំដល់វិស័យទឹកស្អាត។ គោលដៅរបស់យើងមិនមែនត្រឹមតែពង្រីកការទទួលបានទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែចង់ប្រែក្លាយទឹកស្អាត ជាកម្លាំងជំរុញសេដ្ឋកិច្ចជនបទ៕

To Top