Feature

ក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “រួមគ្នា សង្គ្រោះជីវិត”

ភ្នំពេញ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកដំបូង ក្រោមប្រធានបទ “រួមគ្នា សង្គ្រោះជីវិត” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ ជាន់ទី៩ នៃអគារទីស្តីការក្រសួងការងារ។

កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្គត់ផ្គង់ឈាម សម្រាប់បំពេញតម្រូវការក្នុងការព្យាបាល និងជួយសង្គ្រោះជីវិតអ្នកជំងឺ និងកុមារ ដែលមានតម្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ កម្មវិធីក៏បានរួមចំណែកលើកកម្ពស់ស្មារតីស្ម័គ្រចិត្ត និងការចូលរួមរបស់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គម។

ការចូលរួមបរិច្ចាគឈាមរបស់លោក លោកស្រី អ្នកនាង និងកញ្ញា បានបង្ហាញពីសមានចិត្តសប្បុរស ស្មារតីសាមគ្គី និងសង្គហធម៌ ក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស។ សកម្មភាពនេះក៏ជាការចូលរួមប្រកបដោយអត្ថន័យក្នុងការជួយសង្គមជាតិ និងលើកកម្ពស់វប្បធម៌នៃការចែករំលែក និងជួយគ្នាទៅវិញទៅមក៕

To Top