ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ផ្ទេរមេបញ្ជាការកងទ័ពជើងទឹក ទៅកាន់កងការពារឆ្នេរសមុទ្រ ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងចិន

បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងទឹកកោះតៃវ៉ាន់ម្នាក់ ត្រូវបានផ្ទេរទៅកាន់កងការពារឆ្នេរសមុទ្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលប្រទេសចិន បានបង្កើនវត្តមានរបស់ខ្លួន នៅក្នុងដែនសមុទ្រជុំវិញកោះនេះ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ ដែលជាទឹកដីប្រកាន់យក របបប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់ពីរដ្ឋាភិបាលនៅទីក្រុងតៃប៉ិក៏ដោយ ហើយកងទ័ពចិនតែងតែធ្វើប្រតិបត្តិការ នៅជុំវិញកោះនេះស្ទើរតែជារៀងរាល់ថ្ងៃ ។

ក្នុងនាមជាផ្នែកមួយនៃកម្មវិធីទំនើបកម្មយោធា រដ្ឋាភិបាលទីក្រុងតៃប៉ិ បានផ្តល់ការយកចិត្តទុកដាក់ជាពិសេសទៅលើកងការពារឆ្នេរសមុទ្រ ដោយសារនាវារបស់កងកម្លាំងនេះ នឹងត្រូវដាក់ឱ្យចូលរួមប្រតិបត្តិការក្នុងនាមជា “កងទ័ពជើងទឹកទីពីរ” នៅពេលមានសង្គ្រាម។

ថ្លែងនៅក្នុងពិធីតម្លើងតួនាទីនៅការិយាល័យ ប្រធានាធិបតី លោក Lai បានមានប្រសាសន៍ថា លោក Yuan Sheng-hua នឹងផ្លាស់ប្តូរតួនាទីពីអនុប្រធានសេនាធិការ នៅទីបញ្ជាការកងទ័ពជើងទឹក ទៅជាអនុប្រធានកងការពារឆ្នេរសមុទ្រ។

លោក Lai បានលើកឡើងថា លោកសង្ឃឹមថាលោក Yuan នឹងប្រើប្រាស់បទពិសោធន៍របស់គាត់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងការពារឆ្នេរសមុទ្រ។

To Top