ព័ត៌មានជាតិ

ទូតចិន ៖ គម្រោងផ្លូវជាតិលេខ១០ ជាសមិទ្ធផលដ៏វិជ្ជមានមួយទៀត នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ចិន-កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានឱ្យដឹងថា គម្រោងផ្លូវជាតិលេខ១០នេះ ជាសមិទ្ធផលដ៏វិជ្ជមានមួយទៀត នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ចិន-កម្ពុជា ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ការឱ្យដឹងរបស់ លោក វ៉ាង វិនពីន បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ឯកអគ្គរដ្ឋទូតចិន បានអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០។

លោក ថា «គម្រោងផ្លូវជាតិលេខ១០នេះ ជាសមិទ្ធផលដ៏វិជ្ជមានមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់នៃផ្លូវជាតិលេខ១០នេះ នឹងជួយលើកកម្ពស់កម្រិតនៃការតភ្ជាប់ទំនាក់ទំនងរវាងតំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសកម្ពុជាបន្ថែមទៀត ព្រមទាំងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា»។

សូមរំលឹកថា ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។

ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត។ ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជាពីខេត្តបាត់ដំបងទៅខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនទៅខេត្តកោះកុងចំណេញ ៣៧២គីឡូម៉ែត្រ៕

To Top