ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង បានចាកចេញពីវ៉ាស៊ីនតោន ប៉ុន្តែរូបថតរបស់លោក​ នៅតែបន្តមានវត្តមាន នៅលើជញ្ជាំងសេតវិមាន របស់លោក ត្រាំ

​វ៉ាស៊ីនតោន៖ ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ទស្សនកិច្ច និងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ហើយក្តី ប៉ុន្តែវត្តមានរបស់លោកនៅតែបន្តបង្ហាញឱ្យឃើញនៅក្នុងសេតវិមាន យ៉ាងហោចណាស់នៅកន្លែងចំនួនពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

រូបបថតចំនួន ២ ផ្ទាំងផ្សេងគ្នា ដែលបង្ហាញពីមេដឹកនាំចិន លោក ស៊ី ជីនពីង ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដាក់តាំងលម្អនៅលើជញ្ជាំងនៃសេតវិមាន។

រូបថតទីមួយ គឺជារូបភាពបង្ហាញពីការចាប់ដៃគ្នារវាងមេដឹកនាំទាំងពីរ ដែលជារូបថតមួយសន្លឹកដែលលោក ត្រាំ បានយកមកបង្ហាញជូនភ្ញៀវកិត្តិយសរបស់លោក (លោក ស៊ី) ដោយផ្ទាល់ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីសប្តាហ៍មុន។

រូបថតទីពីរ ត្រូវបានគេដាក់តាំងនៅក្បែរមាត់ទ្វារបន្ទប់ Palm Room ដោយបង្ហាញពីប្រធានាធិបតីទាំងពីរឈរក្បែរគ្នា។

ការបន្តដាក់តាំងរូបថតទាំងនេះនៅខាងក្នុងសេតវិមាន ឆ្លុះបញ្ចាំងពីសារៈសំខាន់ជានិមិត្តរូបនៃការទូត និងទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំងពីរ បន្ទាប់ពីកិច្ចជំនួបផ្លូវរដ្ឋបានបញ្ចប់ទៅ។

ប្រែសម្រួល៖ គីរី

To Top