រុស្ស៊ីព្រមានអង្គការណាតូ ជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបណ្តាប្រទេសណាតូ ព្យាយាមផ្តាច់តំបន់កាលីនីងក្រាដ ចេញពីផ្នែកផ្សេងទៀត នៃប្រទេស
បរទេស: រុស្ស៊ីបានព្រមានអង្គការណាតូ (NATO) ថា ខ្លួននឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធភាពលោកខាងលិច ព្យាយាមកាត់ផ្តាច់តំបន់កាលីនីងក្រាដ (Kaliningrad) ដែលជាទឹកដីរបស់រុស្ស៊ី ស្ថិតនៅដាច់ដោយឡែកពីទឹកដីមេ និងមានព្រំប្រទល់ជាប់សមុទ្របាល់ទិក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងឯកសារមួយដែលបានផ្ញើ ទៅកាន់អង្គការណាតូ និងត្រូវបានមើលឃើញ ដោយទីភ្នាក់ងារព័ត៌មាន Reuters គឺទីក្រុងមូស្គូបានចោទសម្ព័ន្ធភាព នេះថាបានដើរលើ “មាគ៌ាដ៏គ្រោះថ្នាក់ និងមិនគិតគូរពីផលវិបាក” ដែលបង្កឱ្យមាន “ហានិភ័យខ្ពស់នៃការផ្ទុះឡើង នូវជម្លោះប្រដាប់អាវុធដោយផ្ទាល់”។
ឯកសារនោះបានបញ្ជាក់ថា នេះរួមបញ្ចូលទាំងលទ្ធភាព នៃការដែល “រុស្ស៊ីនឹងបើកការវាយប្រហារទៅលើមជ្ឈមណ្ឌល សម្រេចចិត្តនានានៅក្នុងបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពនេះ ចាប់តាំងពីដំណាក់កាលដំបូងតែម្តង”។
កំណត់សម្គាល់ផ្នែកការទូតនោះបានលើកឡើងថា៖ “រុស្ស៊ីនឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់រាល់កម្លាំង និងសមត្ថភាពទាំងអស់ដែលមាន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើបណ្តាប្រទេសណាតូព្យាយាមផ្តាច់តំបន់កាលីនីងក្រាដចេញពីផ្នែកផ្សេងទៀតនៃប្រទេស”។
