ព័ត៌មានអន្តរជាតិ

ប្រេសិតស្តីទីជប៉ុន ជួបជាមួយប្រមុខការទូត​ មីយ៉ាន់ម៉ា ជាលើកដំបូង

យ៉ាំងហ្គោន៖ លោក Shogo Yoshitake ភារធារីស្តីទីជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយលោក Tin Maung Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមក្រសួងការបរទេស ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យជំនួបនេះ ក្លាយជាការជួបគ្នា ជាសាធារណៈលើកដំបូងបង្អស់។

នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី២​​ ខែតុលា ឆ្នាំ២០២៦ ក្រសួងបានឱ្យដឹងថា អ្នកទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសជប៉ុន មិនទាន់បានទទួលស្គាល់រដ្ឋាភិបាលគាំទ្រយោធា ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Min Aung Hlaing ដែលត្រូវបានបង្កើតឡើងនៅក្នុងខែមេសា បន្ទាប់ពីការបោះឆ្នោតរៀបចំដោយយោធានោះទេ។ ទីក្រុងតូក្យូ ក៏មិនទាន់បានបញ្ជូនឯកអគ្គរាជទូតថ្មីណាមួយមកនោះដែរ ចាប់តាំងពីលោក Ichiro Maruyama បានចាកចេញកាលពីខែកញ្ញា ឆ្នាំ២០២៤។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុង ដោយរបបយោធាចាប់តាំងពីឆ្នាំ១៩៦២មក ទោះបីជារដ្ឋបាលស៊ីវិលដឹកនាំដោយអតីតមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលត្រូវបានទម្លាក់ពីអំណាច ធ្លាប់បានដឹកនាំប្រទេសពីឆ្នាំ២០១៦ រហូតដល់មានរដ្ឋប្រហារឆ្នាំ២០២១ ក៏ដោយ។

រដ្ឋាភិបាលជប៉ុន បាននិងកំពុងអំពាវនាវឱ្យមានការដោះលែងលោកស្រី ស៊ូជី ដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ រួមទាំងអ្នកជាប់ឃុំឃាំងដទៃផ្សេងទៀតផងដែរ។

ប្រៃសម្រួល​ល៖ គីរី

To Top