នាយកក្រុមហ៊ុនផលិតថ្មប្រើប្រាស់លើដ្រូនរបស់កូរ៉េ ចង់ទៅកម្ពុជា ស្វែងរកដៃគូសហការ
ភ្នំពេញ ៖ ក្នុងនាមជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. បង្ហាញបំណងចង់ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ។

ការបង្ហាញបំណងរបស់លោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. ធ្វើឡើងក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកាលពីពេលថ្មីៗនេះ ។

ក្នុងជំនួប លោក Park បានថ្លែងទៅកាន់ឯកអគ្គរាជទូតថា លោកជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ ហើយលោកក៏បានបង្ហាញពីបំណងក្នុងការដឹកនាំគណៈប្រតិភូកូរ៉េ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។

ជាកិច្ចឆ្លើយត ឯកអគ្គរាជទូតស្វាគមន៍ចំពោះបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាកម្ពុជាកំពុងត្រូវការដ្រូន សម្រាប់ប្រើប្រាស់លើវិស័យជាច្រើន ។
សូមបញ្ជាក់ថា ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ជាក្រុមហ៊ុនផលិតថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ ៕
