មិនភ្លេចវីរភាពជួរមុខ! អភិបាលខេត្តបន្ទាយមានជ័យ ធ្វើបុណ្យឧទ្ទិសកុសលបិណ្ឌទី៩ ជូនកងទ័ពពលីការពារព្រំដែន
បន្ទាយមានជ័យ៖ ការកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម (វត្តផាស៊ីស្រា) ស្រុកមង្គលបូរី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានប្រែក្លាយជាព្រឹត្តិការណ៍រំជួលចិត្ត និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅពេលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានដឹកនាំមន្ត្រីរាជការប្រកាស ឧទ្ទិសកុសលផលបុណ្យដោយផ្ទាល់ ជូនដល់ដួងវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា ដែលបានពលីជីវិតយ៉ាងក្លាហាន ក្នុងសមរភូមិការពារព្រំដែនកាលពីឆ្នាំ២០២៥ កន្លងទៅ។

ការសម្តែងទឹកចិត្តដឹងគុណចំពោះវីរភាពកងទ័ពជួរមុខនៅចំពោះមុខព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករនេះ បានស្តែងឲ្យឃើញពីស្មារតីស្នេហាជាតិដ៏មុតស្រួច និងការលើកតម្កើងគុណបំណាច់អ្នកលះបង់ដើម្បីទឹកដី ស្របពេលដែលពិធីបែបសាសនាមួយនេះ ត្រូវបានរៀបចំឡើងយ៉ាងស្កឹមស្កៃដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីជាតិ។

ក្រៅពីកិច្ចសូត្រមន្ត បង្សុកូល និងការវេរប្រកេនទេយ្យវត្ថុថ្វាយព្រះសង្ឃ គណៈអធិបតីក៏បានចុះជួបប្រស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានចែកជូននូវអំណោយសារុង ជូនដល់ពុទ្ធបរិស័ទដែលបានចូលរួម ដើម្បីបង្កើតបរិយាកាសកក់ក្តៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕






អត្ថបទ: ប៊ុន សំណាង/DapNews
