សម្តេចធិបតី ៖ VECONAC ជាកម្លាំងមនុស្សធម៌ដ៏សំខាន់ និងជាយន្តការតំបន់ដ៏មានឥទ្ធិពល
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ លើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការ ប៉ុន្ដែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពល ។
ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការ ដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចធិបតីបន្តថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ ប៉ុន្ដែគឺជាកាតព្វកិច្ចសីលធម៌ និងគឺជាកតញ្ញុតាធម៌ជាតិដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងគ្រប់រូប។
សម្ដេចធិបតីបញ្ជាក់ថា ការជួបជុំសារជាថ្មីនៅលើទឹកដីកម្ពុជា នៅពេលនេះ គឺជាសក្ខីភាព បញ្ជាក់ពីនិរន្តរភាព ស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកម្ពស់ សុខុមាលភាពអតីតយុទ្ធជនក្នុងតំបន់។
ជាមួយគ្នានេះ សម្ដេចធិបតីរំលឹកថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ VECONAC លើកទី៣២ និងមហាសន្និបាត VECONAC លើកទី១៩ កាលពីឆ្នាំ២០១៩ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសម្រាប់សហព័ន្ធ៕
