ចិន បង្ហាញម៉ាស៊ីនខួងផ្លូវរូងក្រោមដីប្រភេទ Double-Shield ធំជាងគេបំផុតនៅលើពិភពលោក
បរទេស៖ ប្រទេសចិន បានបញ្ចេញម៉ាស៊ីនខួងផ្លូវរូងក្រោមដី ប្រភេទប្រឡោះការពារទ្វេដង (Double-shield tunnel boring machine) ដែលមានអង្កត់ផ្ចិតធំជាងគេបំផុតនៅលើពិភពលោក។ ម៉ាស៊ីនដ៏ធំសម្បើមទម្ងន់ ៣.៥០០តោននេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រតិបត្តិការខួងផ្លូវរូងក្រោមដី នៃគម្រោងផ្លូវល្បឿនលឿន (Expressway) ដែលមានប្រវែង ១៨,៤ គីឡូម៉ែត្រ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ម៉ាស៊ីនខួងនេះត្រូវបានបញ្ចប់ការដំឡើង និងបញ្ចេញពីរោងចក្រក្នុងទីក្រុងចេងឌូ (Chengdu) ខេត្តស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា។ ម៉ាស៊ីននេះមានអង្កត់ផ្ចិតខួងទំហំ ១៣,០១ ម៉ែត្រ មានប្រវែងបណ្តោយ ២២០ ម៉ែត្រ និងទម្ងន់ ៣.៥០០ តោន ដែលធ្វើឱ្យវាក្លាយជាម៉ាស៊ីនខួងប្រភេទ Double-shield ធំបំផុតនៅលើពិភពលោក។
សមិទ្ធផលវិស្វកម្មដ៏អស្ចារ្យនេះ គឺជាការអភិវឌ្ឍ និងផលិតរួមគ្នារវាងក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធចិន Shudao Investment Group និងក្រុមហ៊ុនផលិតម៉ាស៊ីនខួងរូងក្រោមដីគ្រប់គ្រងដោយរដ្ឋ China Railway Engineering Equipment Group។
ជាទូទៅ ម៉ាស៊ីនខួងរូងក្រោមដី (TBMs) ដំណើរការដោយប្រើប្រាស់ក្បាលកាត់វិល ដើម្បីបំបែកផ្ទាំងថ្ម និងដី ក្នុងពេលកំពុងទម្លាយបង្កើតផ្លូវរូង។ ចំណែកឯម៉ាស៊ីនខួងប្រភេទ Double-shield នេះ ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអាចបន្តដំណើរការបានយ៉ាងរលូន ទោះបីជាត្រូវឆ្លងកាត់ស្ថានភាពភូមិសាស្ត្រផ្សេងៗគ្នាក៏ដោយ រួមទាំងតំបន់ថ្មរឹងមានស្ថិរភាព និងតំបន់ថ្មប្រេះស្រាំ។
យោងតាមកាសែត People’s Daily ម៉ាស៊ីនខួងដែលមានឈ្មោះថា “Yuexi” នេះ អាចទប់ខ្លួនវាទៅនឹងផ្ទាំងថ្មរឹងនៅពេលកំពុងប្រតិបត្តិការខួង និងអាចផ្លាស់ប្តូរវិធីសាស្ត្រទប់លំនឹងរបស់វាដោយស្វ័យប្រវត្តិ នៅពេលជួបប្រទះនឹងទម្រង់ដី ឬថ្មដែលខ្សោយ។
ចំពោះប្រព័ន្ធកាត់វិញ ក្បាលកាត់របស់វាត្រូវបានបំពាក់ដោយមុខកាត់រាងថាសទំហំ ១៩ អ៊ីញ ចំនួន ៨៣ គ្រាប់ ដែលមានតួនាទីសង្កត់ផ្ទាប់ និងបំបែកផ្ទាំងថ្ម ខណៈដែលក្បាលកាត់កំពុងវិល ស្របពេលដែលប្រព័ន្ធធារាសាស្ត្រ (Hydraulic systems) របស់ម៉ាស៊ីនដើរតួនាទីរុញច្រានម៉ាស៊ីនឱ្យរុលទៅមុខជាបន្តបន្ទាប់៕
ប្រែសម្រួល៖ គីរី
