ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា នៅតែប្រកាន់ខ្ជាប់គោលនយោបាយ ការបរទេសឯករាជ្យ និងដោះស្រាយវិវាទដោយសន្តិវិធី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ ចំពោះគោលនយោបាយ ការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញ ជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអភិបាលខេត្ត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាព ស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខ មិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោល នយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា គ្មាននរណាម្នាក់យល់អំពីសន្តិភាព ជាងអតីតយុទ្ធជននោះទេ។ ពួកគេគឺជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព។ ដូច្នេះ VECONAC មានបេសកកម្មដ៏ពិសិដ្ឋ មិនត្រឹមតែយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើការជាអ្នកការពារ សន្តិភាពដ៏មានឥទ្ធិពលផងដែរ។ ក្នុងស្មារតីនេះ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ VECONAC ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្នូរ៕

To Top