ព័ត៌មានជាតិ

ណាហ្គាវើលដ៍ បេះដូងសប្បុរស សន្យាផ្តល់ជំនួយ ជាបន្តបន្ទាប់ ដើម្បីគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩

ភ្នំពេញ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសន្យាគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ តាមរយៈការផ្ដល់ជំនួយនានា ជាបន្តបន្ទាប់ ។ នៅក្នុងការផ្ដល់ជាជំនួយលើកដំបូង ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការបរិច្ចាគ ទឹកអាកុលលាងដៃ ចំនួន ៥០០ ដប សម្រាប់ផ្ដល់ឲ្យក្រសួង ដើម្បីចែកចាយ និងកុំព្យូទ័រយួរដៃ ចំនួន ៥ គ្រឿង ដើម្បីជាជំនួយក្នុងកិច្ចការ ធ្វើរោគវិនិច្ឆ័យ និងការស្រាវជ្រាវនានា ក្នុងវិស័យសុខាភិបាល ។

លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងផងដែរថា ពួកគេកំពុងតែរង់ចាំការមកដល់នៃ ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៦.៤០០ ឈុត និងឧបករណ៍ប្រមូល សំណាក ចំនួន ១.០០០ ឈុត ខណៈដែលឧបករណ៍ និងម៉ាស៊ីនធ្វើតេស្ត រកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ។

លោក Pern Chen បានបន្តឲ្យដឹងថា ការផ្ដល់ជាជំនួយ នៃបរិក្ខារទាំងនេះ ដែលមានតម្លៃ សរុបប្រមាណជា ៥២.០០០ ដុល្លារអាមេរិក គឺជាផ្នែកមួយ នៃការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ។ ណាហ្គាវើលដ៍ បេះដូងសប្បុរស កាលពីពេលកន្លងទៅក៏ ធ្លាប់បានផ្តល់ជាជំនួយនានា ដល់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀតផងដែរ ដែលរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ខណៈដែលការឧបត្ថម្ភទាំងនេះ មានដូចជាម៉ាស់ចំនួន ៤០. ០០ ០ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលចំនួន ៧២០ លីត្រ។

លោក Pern Chen បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ការបរិច្ចាគជាគ្រឿងបរិក្ខារពេទ្យ និងឧបករណ៍នានារបស់យើង ដល់ក្រសួងសុខាភិបាល នឹងជួយក្នុងការងារប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ក៏ដូចជាការពារប្រជាជន ទាំងមូលផងដែរ។»

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបានជំនួយ នៃបរិក្ខារទាំងនេះ ដោយផ្ទាល់ពីលោក Pern Chen ។ លោកស្រីបានមានប្រសាសន៍ថា៖ «យើងសូមធ្វើការកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ ជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ ក្នុងការងារសង្គម ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង នានាដើម្បីជួយដល់ព្រះរាជាណាចក្ររបស់យើង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ។
យើងកោតសរសើរ ចំពោះការបរិច្ចាគជាកុំព្យូទ័រយួរដៃ ខណៈដែលមន្រ្តីរបស់យើងអាចយកទៅប្រើប្រាស់ បានសម្រាប់ការធ្វើវិភាគ និងស្រាវជ្រាវនៅក្នុងវិស័យនេះ ។ លើសពីនេះ ទៅទៀត ការផ្ដល់ជាជែលលាងដៃ របស់ណាហ្គាវើលដ៍ ក៏នឹងជួយការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជន និងសហគមន៍របស់យើង សម្រាប់រយៈពេលវែងក្នុងគ្រា ដ៏លំបាកនេះផងដែរ» ៕

To Top