លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រគល់រង្វាន់ សិស្សប្រឡងជាប់និទ្ទេសល្អ ក្នុងស្រុក៦ ខេត្តកណ្តាល
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានអញ្ជើញចូលរួមពិធី ផ្តល់រង្វាន់លើលទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A, B និង C មកពីស្រុកចំនួន៦ ក្នុងខេត្តកណ្តា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ។

ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល។

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលទទួលរង្វាន់នេះ សរុបមានចំនួន ១,១១៩ នាក់ ស្រី៧១៦នាក់ ក្នុងនោះមាននិទ្ទេស A ចំនួន៥៣នាក់ និទ្ទេស B ចំនួន២៦៥នាក់ និងនិទ្ទេស C ចំនួន៨០១នាក់ មកពីវិទ្យាល័យក្នុងស្រុកខ្សាច់កណ្តាល មុខកំពូល ល្វាឯម កៀនស្វាយ, ពញាឮ និងក្រុងអរិយក្សត្រ ។

សិស្សនិទ្ទេស A ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូអគ្គិសនីសេរីថ្មីមួយគ្រឿង ផលិតនៅក្នុងប្រទេសកម្ពុជា។ សិស្សនិទ្ទេស B ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល ចំណែកសិស្សនិទ្ទេស C ម្នាក់ៗ ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល។ ក្នុងចំណោមស្រុកទាំង៦ ស្រុកខ្សាច់កណ្តាលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ គឺមានចំនួន១៧នាក់។
ក្នុងពេលនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ណែនាំបេក្ខជនត្រៀមប្រឡងមកពីវិទ្យាល័យចំនួន៣ របស់ស្រុកខ្សាច់កណ្ដាលថា អនាគតរបស់ក្មួយសិស្សានុសិស្ស ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។

លោកបណ្ឌិតប្រតិភូ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតត្រចះត្រចង់។ មិនតែប៉ុណ្ណោះ លោក បណ្ឌិតក៏បានប្រសាសន៍បន្ថែមថា «គ្មាននរណាម្នាក់កើតមកវេចសម្ពាយ ចំណេះដឹងមកជាមួយទេ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ និងសន្សំបន្តិចម្តងៗ ក្នុងរយៈពេលយូរ» ហើយក៏បានចែករំលែកនូវបទពិសោធន៍ការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ ដែលខ្លួនស្រលាញ់ពេញចិត្ត៕






