Feature

ក្រុមគ្រួសារកម្មករ ៖ ការងាររោងចក្រ បានជួយឱ្យគ្រួសារខ្ញុំ មានជីវភាពប្រសើរឡើង អរគុណរាជរដ្ឋាភិបាល ដែលតែងតែដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះក្នុងពេលសេដ្ឋកិច្ចពិភពលោក លំបាកលំបិនក៏ដោយ

ភ្នំពេញ៖ សមាជិកក្រុមគ្រួសារកម្មករ និយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះការងារក្នុងវិស័យ រោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃសិក្សាកូនៗ និងបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។

អ្នកស្រី បាន សាវ៉ាន ពលរដ្ឋនៅរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ លើជីវភាពកម្មករនិយោជិត តាមរយៈការ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ទោះបីជាស្ថានភាព សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងបញ្ហា និងមានភាពមិនប្រាកដប្រជាក៏ដោយ។

អ្នកស្រីនិយាយថា៖«ខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាល គាត់ព្យាយាមមែនទែនទោះបី ជាសកលលោកកំពុង មានបញ្ហាវិបត្តិសង្គ្រាម គាត់នៅតែតំឡើងប្រាក់ឈ្នួលទោះបីមិនច្រើន ក៏ខ្ញុំសប្បាយចិត្ត។ នៅកម្ពុជាយើងបើអត់មានបើករោងចក្រគឺមិនអាចមានចំណូលបានទេ ការងារផ្សេងៗ មានដែរ តែរើសបុគ្គលិកតិចតួច តែបើរោងចក្រគឺគាត់រើសកម្មករ បានច្រើនពាន់នាក់ ឬអាចដល់ម៉ឺននាក់ទៀតផងអ៊ីចឹង អាចឱ្យកម្ពុជាយើងមានចំណូលច្រើន»។

ចំណែក កញ្ញា ខៀវ ស្រីកនិកា ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញបានឱ្យដឹងថា ការមានការងារធ្វើនៅក្នុងរោងចក្រ មិនត្រឹមតែផ្តល់ប្រាក់ចំណូលប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យគ្រួសារអាចរៀបចំផែនការជីវភាពបានកាន់តែប្រសើរ ដូចជា ការចំណាយលើម្ហូបអាហារ ការសិក្សារបស់កូន ការថែទាំសុខភាព និងការសន្សំសម្រាប់អនាគត។

កញ្ញាបាននិយាយថា៖«ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ដែលជួយទំនុកបម្រុង យកចិត្តទុកដាក់ចំពោះកម្មករ និងប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា ទោះបីកំពុងជួបផលវិបាក ឬក្នុងសង្គ្រាមជាក់ស្តែងក៏ដោយ រាជរដ្ឋាភិបាលក៏នៅតែរិះរកគ្រប់វិធីដំឡើងប្រាក់ខែ ឬមួយក៏ជួយទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។

រីឯកញ្ញា ភេន សុខា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ក៏ជាកត្តាមួយដែលជួយសម្រួល ដល់ការចំណាយរបស់គ្រួសារ ខណៈថ្លៃម្ហូបអាហារ ការធ្វើដំណើរ និងការចំណាយផ្សេងៗ តែងតែមានការប្រែប្រួលតាមស្ថានភាពសេដ្ឋកិច្ច។

កញ្ញាបញ្ជាក់ថា៖«សម្រាប់ខ្ញុំ ការងាររោងចក្រផ្គត់ផ្គង់គ្រួសារ គឺខ្ញុំអត់សូវមានបញ្ហាអីទេ​ ដោយសារប្រាក់ខែប៉ុណ្ណឹងគឺ យើងអាចទទួលយកបានហើយ មួយវិញទៀតយើងនៅ មានលុយមុខងារផ្សេងៗគ្នាទៀត មានទាំងប្រាក់សោហ៊ុយធ្វើដំណើរ មាន ទាំងលុយរង្វាន់ទៀងទាត់​ លុយបាយ អ៊ីចឹងពួកខ្ញុំអាចទទួលយកបាន»។

ក្រុមគ្រួសារកម្មករខាងលើបានបញ្ជាក់ថា អ្វីដែលពួកគាត់ចង់បានជាចម្បង គឺការមានការងារធ្វើប្រកបដោយស្ថិរភាព និងប្រាក់ចំណូលដែលអាចទ្រទ្រង់ជីវភាពគ្រួសារបាន។ ពួកគាត់យល់ថា ការរក្សាបាននូវការងារ និងស្ថិរភាពក្នុងវិស័យរោងចក្រ-សហគ្រាស គឺមានសារៈសំខាន់សម្រាប់ទាំងកម្មករ និងគ្រួសាររបស់ពួកគាត់៕

To Top