ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា លើកទឹកចិត្តឲ្យធនាគាររឹបអូស យកទ្រព្យសម្បត្តិ ពលរដ្ឋណាស្ដាប់ តាមពួកប្រឆាំង មិនបង់លុយធនាគារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្ត ឲ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបយកទ្រព្យសម្បតិ្ត ចំពោះប្រជាពលរដ្ឋណាមួយ ជឿទៅលើការឃោសនា របស់ពួក ក្រុមប្រឆាំងនៅក្រៅប្រទេស ហើយមិនព្រមបង់លុយធនាគារ។

ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ឥឡូវពួកក្រុមប្រឆាំងមួយចំនួនបំផុស ឲ្យប្រជាពលរដ្ឋដកលុយ នៅតាមធនាគារ ខណៈប្រជាពលរដ្ឋ មិនទៅធ្វើតាមពួកក្រុមនោះឡើយ ព្រោះប្រជាពលរដ្ឋ ទុកចិត្តរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសាច់ប្រាក់។

សម្ដេចតេជោ រៀបរាប់ថា សព្វថ្ងៃនេះ មានធនាគារ មួយចំនួនបានសល់លុយយ៉ាងច្រើន ដូច្នេះពួកក្រុម ប្រឆាំងនៅក្រៅប្រទេស ចង់ឲ្យធនាគារ នៅកម្ពុជាដួលរលំ តាមរយៈមិនសង និងដកលុយពីធនាគារ ។

សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ លើកទឹកចិត្តឲ្យធ្វើការរឹបអូស ប្រសិនបើអ្នកឯងជឿ ទៅលើអ្នក ដែលឃោសនាណាឲ្យចលនា កុំឲ្យសងលុយធនាគារ ។ ខ្ញុំគ្រាន់តែអំពាវនាវ ដល់ធនាគារ មានការយោគយល់ នៅក្នុងដំណាក់ នៃការលំបាក ប៉ុន្ដែការសង នៅតែសងដែលហ្នឹង»។

សម្ដេចតេជោបន្ដថា «ប៉ុន្ដែមានអ្នកចលនា ទីមួយ ឲ្យមនុស្សកុំសងធនាគារ ហើយខ្ញុំនឹងគាំទ្រឲ្យធនាគារ ប្ដឹងទៅតុលាការដើម្បីរឹបអូស បើសិនជាជននោះ គាំទ្រនៅនយោបាយរបស់ អាអ្នកអំពាវនាវនេះ»។

ជាងនេះទៀត សម្ដេចតេជោ បញ្ជាក់ថា នៅលើពិភពលោក គេមិនអាចធ្វើបែបនេះបានឡើយ (ដោយមិនសង់លុយធនាគារ) ដូច្នេះគ្រួសារណាមួយ ហ៊ានធ្វើបែបនេះ គាំទ្រធនាគារឲ្យរឹបអូសភ្លាមៗ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា រៀបរាប់ថា នៅក្នុងដំណាក់ការ នៃការរីករាលដាល់នៃជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាល មិនចង់ឲ្យមានការរឹបអូសឡើយ ប៉ុន្ដែនាយករដ្ឋមន្ដ្រី គាំទ្រឲ្យមានការរឹបអូស ប្រសិនបើអ្នកជំពាក់ធនាគារ ស្ដាប់តាមការឃោសនាពួកក្រុមប្រឆាំង។ សម្តេចថា នៅក្នុងច្បាប់ធនាគារ គេមានគោលការណ៍យ៉ាងត្រឹមត្រូវ ចំពោះពលរដ្ឋជំពាក់លុយ ៕ ដោយ អេង ប៊ូឆេង

To Top