ព័ត៌មានជាតិ

អូស្រ្តាលី និងអាល្លឺម៉ង់ ប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្តកម្មវិធី ជាប្រវត្តិសាស្រ្ត នៃការផ្ទេរសាច់ប្រាក់ ដល់គ្រួសារក្រីក្រ

ភ្នំពេញ ៖ ប្រទេសអូស្រ្តាលី និងប្រទេសអាល្លឺម៉ង់ មានសេចក្តីសោមនស្សរីករាយ ក្នុងការជួយគាំទ្រ កម្មវិធីផ្ទេរសាច់ប្រាក់ ជាបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់គ្រួសារក្រីក្រ ក្នុងអំទ្បុងពេលនៃជំងឺកូវីដ១៩ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃទី២៤មិថុនានេះ បានឲ្យដឹងបន្តថា ប្រទេសអូស្ត្រាលី និងប្រទេសអាល្លឺម៉ង់ មើលឃើញពីគំនិតផ្តួចផ្តើមនេះ ជាទិវាប្រវត្តិសាស្រ្តមួយ របស់ប្រទេសកម្ពុជា ដែលត្រូវបានប្រកាស ឲ្យអនុវត្តនាថ្ងៃនេះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ ពួកយើងមានមោទនភាព ចំពោះជំនួយដ៏យូរអង្វែង របស់យើងមកលើកម្មវិធី កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ របស់ក្រសួងផែនការ ដែលផ្តល់លទ្ធភាពក្នុងការ អនុវត្តន៍គំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់នេះ ។
កម្មវិធីផ្ទេរសាច់ប្រាក់ដ៏ធំលើកដំបូង របស់កម្ពុជា អាចលេចជារូបរាងទ្បើង ដោយសារតែកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ ប្រទេសអូស្រ្តាលី (ផ្តល់ជំនួយចំនួន ១៤លានដុល្លារ អូស្ត្រាលី) និងប្រទេសអាល្លឺម៉ង់ (ផ្តល់ជំនួយចំនួន៦,១លានអ៊ឺរ៉ូ) បាននិងកំពុងធ្វើការ ជាមួយក្រសួងផែនការ តាម រយៈទីភ្នាក់ងារកិច្ច សហប្រតិបត្តការអាល្លឺម៉ង់ (GIZ) អស់រយៈពេលជាង១០ឆ្នាំ ក្នុងការបង្កើត និងថែរក្សាប្រព័ន្ធពិសេស របស់កម្ពុជា មួយនេះ ក្នុងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ។
ប្រទេសអាល្លឺម៉ង់ ប្តេជ្ញាបន្ថែមជំនួយចំនួន ១ លានអឺរ៉ូ សម្រាប់ការផ្ទេរសាច់ប្រាក់ តាមរយៈកម្មវិធីរួមជាមួយប្រទេសអូស្រ្តាលី ។ ប្រព័ន្ធទិន្ន័យ នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានធ្វើបច្ចុប្បន្នភាព ជាទៀងទាត់ ហើយបច្ចុប្បន្ននេះ មានគ្រួសារចំនួន៥៦០.០០០ គ្រួសារ (ស្មើនឹងប្រជាជនកម្ពុជា២,៣លាននាក់) ទទួលបានសិទ្ធិចូលរួម ក្នុងកម្មវិធីថ្មីក្នុងការ ទទួលបានសាច់ប្រាក់នេះ ។

លោកPablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តភ័ក្ត ជាមួយប្រជាជនកម្ពុជា ប្រទេសអូស្រ្តាលី មានចំណែករួមមួយ លើភាពស៊ាំសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងមានឆន្ទៈមុតមាំ ក្នុងការធ្វើការជាមួយ ដៃគូនានា ដើម្បីបង្កើតវិថីដែលអាចដំណើរការ បានក្នុងការអភិវឌ្ឍន៍ជីវភាព ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យកាន់តែល្អប្រសើរ ” ។

លោកឯកអគ្គរាជទូត Kang បានបន្តថា “យើងខ្ញុំសូមអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ ប្រព័ន្ធទិន្ន័យអត្តសញ្ញាណកម្ម គ្រួសារក្រីក្រនេះ ដែលប្រទេសអូស្រ្តាលី បាននិងកំពុងជួយ បង្កើតទ្បើងអស់រយៈពេល ជាងមួយទស្សវត្សកន្លងទៅ ក្នុងគោលបំណងធ្វើឲ្យការ ផ្ទេរសាច់បា្រក់បានទៅដល់អ្នក ដែលកំពុងមានតម្រូវការជាងគេបំផុត”។

លោកបណ្ឌិត Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រោមកិច្ចប្រឹងប្រែងរួមជាមួយដៃគូកម្ពុជា យើងអាចសម្រេចបាន នូវការបន្ថែមគ្រួសារថ្មី ចំនួន ៥០.០០០គ្រួសារទៅក្នុងប្រព័ន្ធទិន្ន័យអត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងខែនេះ ដោយប្រើប្រាស់ប្រព័ន្ធថ្មីមួយ ហៅថាកម្មវិធីកំណត់ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើរសុំដែលផ្តល់ឳកាស ដល់គ្រួសារនានាទទួលបានការកំណត់ អត្តសញ្ញាណនិងបញ្ចូលឈ្មោះ ទៅក្នុងប្រព័ន្ធទិន្ន័យពេញមួយឆ្នាំ ដោយមិនចាំបាច់រង់ចាំការ ធ្វើបច្ចុប្បន្នភាពតាមពេល វេលាកំណត់” ។

លោកបណ្ឌិត Riethmacher មានប្រសាសន៍បន្ថែមថា “កម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើរសុំ នឹងបន្តជានិរន្ត ជាផ្នែកមួយ នៃកម្មវិធីកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ” ។

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាបាននិងកំពុងគ្រប់គ្រង វិបត្តិសុខភាពប្រកបដោយជោគជ័យ ហើយបច្ចុប្បន្ននេះ កំពុងតែដោះស្រាយផលប៉ះពាល់ សេដ្ឋកិច្ច-សង្គម ដោយសារវិបត្តិនេះ។ កម្មវិធីផ្ទេរសាច់ប្រាក់ ដែលបានគ្រោងទុកនេះ គឺជាយន្តការ ដ៏មានប្រសិទ្ធិភាពមួយ៖ កម្មវិធីនេះសំដៅ ជួយគ្រួសារណា ដែលកំពុងមានតម្រូវការ ហើយនៅពេលជាមួយគ្នានេះដែរ វាជួយបង្កើនចំណាយ ក្នុងការប្រើប្រាស់ ដែលជួយដល់សេដ្ឋកិច្ចទាំងមូល ។ ខ្ញុំមានមោទនភាព ដែលតាមរយៈជំនួយពីប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្រ្តាលី រាជរដ្ឋាភិបាលកម្ពុជា ឥទ្បូវនេះមានប្រព័ន្ធមួយក្នុងដៃ ក្នុងការជួយដោយផ្ទាល់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ” ។

ប្រទេសអូស្រ្តាលី និងប្រទេសអាល្លឺម៉ង់ មានការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជនសម្រាប់ប្រព័ន្ធគាំពារ សង្គម ដែលជួយគាំទ្រដល់សហគមន៍ ឲ្យកាន់តែមានភាពស៊ាំ ហើយពេលនោះពលរដ្ឋគ្រប់រូប នឹងអាចចូលរួមក្នុងជីវិត សេដ្ឋកិច្ចនិងសង្គម ៕

To Top