ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ណែនាំឲ្យពលរដ្ឋបង្កើន ការប្រុងប្រយ័ត្ន ដើម្បីបង្ការគ្រោះថ្នាក់ ដោយសារមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ ចុះសំណេះសំណាល ផ្សព្វផ្សាយនិងតម្លើងផ្ទាំងបាណូ អប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមនៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង លោកស្រី ប៊ុត រតនា នាយិការមូលនិធិ Sir Bobby Charlton ប្រតិបត្តិករបោសសម្អាតមីន អាជ្ញាធរដែនដីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋបង្កើនការប្រយ័ត្ន កុំឲ្យលេង ប៉ះពាល់ កែច្នៃមីន និងគ្រាប់ ជាពិសេសធ្វើការ ព្យួររាស់ត្រាក់ទ័រ កាប់ឆ្ការព្រៃ ឬហែកដីព្រៃ ដើម្បីធ្វើស្រែចំការ ឬដាំដំណាំផ្សេងៗ នៅក្នុងរដូវវស្សានៃខែធ្លាក់ភ្លៀង ព្រោះតំបន់ទាំងនេះ ប្រតិបត្តិករដោះមីន មិនទាន់បានធ្វើការ បោសសំអាតមីន ទាំងស្រុងនៅឡើយទេ ដូចនេះនៅពេលបងប្អូនបានឃើញ ឬសង្ស័យថា មានមីនសូមរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរដែនដី កងកំលាំងដែលរស់នៅក្បែរៗបងប្អូន ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូ អប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្ការគ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋមូលដ្ឋាន ។

លោកទេសរដ្ឋមន្ត្រី បានស្នើសុំអោយបន្តចូលរួមទប់ស្កាត់ ការពារជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា ឆមាស ទី ១ ឆ្នាំ ២០២០ នេះ អត្រាជនរងគ្រោះដោយសារមីន និងគ្រាប់ មានចំនួន ៣៦ នាក់ ក្នុងនោះ ខេត្ត បាត់ដំបង ចំនួន ១២ នាក់ (ស្រុក សំឡូត មាន ជន រងគ្រោះ ១១នាក់ ) តួលេខ នេះបង្ហាញពីការថយចុះ ៤២% ប្រៀបធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន ៦២នាក់៕

To Top