ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតប ក្រុមប្រឆាំងថា បើរាជរដ្ឋាភិបាល គ្មានសមត្ថភាព តើមានលទ្ធភាព អ្វីប្រកាសកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅពួកក្រុមប្រឆាំង នៅក្រៅប្រទេសថា បើរាជរដ្ឋាភិបាលគ្មានសមត្ថភាព តើរាជរដ្ឋាភិបាលមានលទ្ធភាពអ្វីប្រកាស កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ  ខណៈ រាជរដ្ឋាភិបាលបានបញ្ចេញថវិកា១២៥លានដុល្លារ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រប្រមាណ៦០ម៉ឺននាក់។

សម្ដេចតេជោ ឆ្លើយតបបែបនេះក្រោយពីក្រុមប្រឆាំងលើកឡើងថា បើរាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាសេដ្ឋកិច្ចបាន ទាល់តែមានលក្ខខណ្ឌ ចំនួន៣ រួមមាន ៖ ទី១-ឆន្ទៈនយោបាយ ,ទី២-មានថវិកាទប់ និងទី៣-ត្រូវមានសមត្ថភាព។

ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩»ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រសិនបើ រដ្ឋាភិបាលគ្មានសមត្ថភាព តើយើងមានលទ្ធភាព ប្រកាសអាហ្នឹង(កម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ)ទេ។ ហើយបញ្ចេញលុយថ្ងៃនេះ១២៥លានដុល្លារ ទៅបានទេ? បើគ្មានឆន្ទៈ ហើយគ្មានលុយបម្រុង និងគ្មានសមត្ថភាព តើមានលទ្ធភាពទេ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បន្ដឆ្លើយតបទៅក្រុមប្រឆាំងកុំឲ្យយល់ច្រឡំថា កម្ពុជាមានអសន្ដិសុខស្បៀងឲ្យសោះព្រោះកម្ពុជាមានរោងចក្រ ផលិតអំបិល ផលិតអង្ករ និងមានរោងចក្រផលិតរបស់ផ្សេងៗទៀត។

សម្ដេចថា ទោះបីយ៉ាង ណាក៏ដោយ កម្ពុជារៀងរាល់ឆ្នាំ មានស្រូវសល់ជាង៦លានតោន។

សម្ដេចតេជោបន្ដថា អ្នកខ្លះថាកម្ពុជាងាយរងគ្រោះអសន្ដិសុខស្បៀង ប៉ុន្ដែសម្ដេចបញ្ជាក់ ត្រឡប់ទៅវិញថា កម្ពុជាមានផ្ទះដីដាំដុះរាប់លានហិកតា។សម្ដេចថា រហូតមកដល់ពេលនេះការបង្កបង្កើនស្រូវរស្សារបស់កម្ពុជា សម្រេចជាង១លានហិតតា។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាគ្មានអសន្ដិសុខស្បៀងទេ ផ្ទុយទៅវិញកម្ពុជា នឹងមានការទទួលខុសត្រូវជាមួយសហគមន៍អន្ដរជាតិ ក្នុងការលក់ស្បៀង ចេញទៅក្រៅ ប្រទេស។អីចឹងសូមកុំភ័ន្តច្រឡំទៅលើរឿងនេះថា កម្ពុជានឹងដាច់បាយងាប់នោះ អំបិលមាន ផលិត អង្ករមានផលិត រោងចក្ររបស់យើងអាចផលិតបាននូវអ្វីដែលហៅថា ប្រភេទ ស្បៀង»៕ដោយ៖អេង ប៊ូឆេង

To Top