បារាំង នឹងបញ្ចេញប្រេងម៉ាស៊ូតចំនួន ១០ លានបារ៉ែល ពីស្តុកយុទ្ធសាស្ត្ររបស់ខ្លួន
ប៉ារីស៖ លោក Sebastien Lecornu រដ្ឋមន្ត្រីបារាំងបានប្រកាសថា ប្រទេសបារាំងនឹងបញ្ចេញប្រេងម៉ាស៊ូតចំនួន ១០ លានបារ៉ែលពីស្តុកយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជួយកាត់បន្ថយសម្ពាធលើទីផ្សារប្រេងឥន្ធនៈ។
លោក បានលេីកឡេីងថា ស្តុកប្រេងម៉ាស៊ូតទាំងនេះនឹងត្រូវផ្តល់ជូនដល់ក្រុមហ៊ុនចែកចាយនៅក្នុងប្រទេសបារាំង ដែលជាវិធានការមួយនឹង “ជួយកាត់បន្ថយតម្លៃប្រេងនៅតាមស្ថានីយដោយស្វ័យប្រវត្តិ” ក្នុងកម្រិតប្រហែល “១២ ទៅ ១៨ សេនអឺរ៉ូក្នុងមួយលីត្រ”។
លោកបានបន្ថែមថា លោកនឹងចុះហត្ថលេខាលើក្រឹត្យមួយក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការនេះ ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេល ៣ ខែ។
លោកក៏បានអំពាវនាវផងដែរដល់ក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់បារាំងគឺ EDF ឱ្យបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនដល់កម្រិតអតិបរមា ដោយមានគោលបំណងធានាថាតម្លៃអគ្គិសនីនឹងមិនកើនឡើងនៅក្នុងរដូវរងានេះទេ។
វិធានការនេះធ្វើឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ា និងការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស កំពុងបង្កើនសម្ពាធបន្ថែមទៀតលើទីផ្សារ៕
ប្រែសម្រួល ឈូក បូរ៉ា
