Feature

អង្គការសហប្រជាជាតិ និងបណ្តារដ្ឋជាសមាជិក​ រិះគន់អាមេរិក​ ចំពោះការដាក់ទណ្ឌកម្មតុលាការលើ ICC

អង្គការសហប្រជាជាតិ៖​ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៨ បានរិះគន់ចំពោះការប្រកាសរបស់សហរដ្ឋអាមេរិក​ ក្នុងការដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងនាមជាស្ថាប័នមួយ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឧ្យដឹងថា «លោកអគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះផលប៉ះពាល់ដែលរំពឹងទុកពីការដាក់ទណ្ឌកម្មនៅថ្ងៃនេះ ទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិទាំងមូល ជាពិសេស​ គឺសមត្ថភាពបន្តអនុវត្តអាណត្តិសំខាន់ៗរបស់ខ្លួន រួមទាំងការដោះស្រាយស្ថានភាពនានាដែលត្រូវបានបញ្ជូនមកដោយក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម»។

អ្នកនាំពាក្យរូបនេះបានបន្តថា «ការសម្រេចចិត្តនៅថ្ងៃនេះ គឺជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការស្វែងរកយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ដែលក្នុងនោះ ICC គឺជាសសរស្តម្ភដ៏សំខាន់មួយ។ ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិ និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ គឺជាចំណុចស្នូលនៃកិច្ចប្តេជ្ញាចិត្តជាសកលរបស់យើងចំពោះសន្តិភាព សន្តិសុខ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។

លោកបានបញ្ជាក់ថា លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់លោកចំពោះឯករាជ្យភាពរបស់ ICC និងមន្ត្រីរបស់ខ្លួន ដោយបន្ថែមថា លោក Guterres បានអំពាវនាវដល់រដ្ឋទាំងអស់ឱ្យគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាដែលមានគោលបំណងធានាឱ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលជាកង្វល់របស់សហគមន៍អន្តរជាតិ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top