នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ ចាប់យកកាលានុវត្តភាពដ៏សំបូរបែបក្នុងទីផ្សារកម្ពុជា
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ ឱ្យមកចាប់យកកាលានុវត្តភាពដ៏សំបូរបែបក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

ការប្រកាសស្វាគមន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅអាស៊ែបៃហ្សង់។ វេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧ នាក់ មកពីក្រុមហ៊ុនសរុបចំនួន ៩០ ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតផលប្រយោជន៍ទៅវិញទៅមក។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កម្ពុជា និងអាស៊ែបៃហ្សង់ មានសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកមកនៅឡើយ សម្រាប់ការពង្រីកភាពជាដៃគូ សេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់ប្រជាជាតិនិមួយៗ។

សម្ដេចធិបតី បន្ដថា គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ នៅពេលដែលយើងមានចក្ខុវិស័យរួមសម្រាប់ ការរីកចម្រើន និងវិបុលភាពរួមគ្នា។ សម្ដេច ថា «ខ្ញុំចង់ឃើញការពិភាក្សានៅថ្ងៃនេះប្រែទៅជាលទ្ធផលជាក់ស្តែង រួមទាំងដំណើរទស្សនកិច្ចធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងផ្លូវការ និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា «ខ្ញុំ សូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ ឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»៕
